(តិចសាស់)៖ អតីតម្ចាស់ជើងឯកខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក ២សម័យ Mike Tyson បានប្រកួតចាញ់ពិន្ទុអតីតតារា YouTube គឺ Jake Paul ដោយពិន្ទុឯកច្ឆន្ទ នៃការប្រកួត ៨ទឹក ដោយមាន ២នាទី ក្នុង ១ទឹកដីផងដែរនាថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការប្រកួតដែលត្រូវបានរៀបចំឡើងនៅសង្វៀនដែលស្ថិតក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក ខ្លាចាស់វ័យ ៥៨ឆ្នាំ Tyson បានចាញ់ពិន្ទុ Paul វ័យទើបតែ ២៧ឆ្នាំ ក្រោមលទ្ធផល ៨០-៧២ ៧៩-៧៣ និង ៧៩-៧៣ ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ប្រមាណជាង ៧ម៉ឺននាក់ផងដែរ។
នេះជាលើកដំបូងសម្រាប់ Mike Tyson ដែលបានឡើងប្រកួតជាលក្ខណអាជីព ក្រោយពេលចូលនិវត្តន៍ពីប្រដាល់សកលនេះ ក្នុងរយៈពេល ១៩ឆ្នាំ ពោលគិតចាប់តាំងពីឆ្នាំ២០០៥ មកម្ល៉េះ និងបានក្លាយជាជ័យជម្នះលើកទី១១ ពីការឡើងប្រកួតសរុបបាន ១២លើករបស់ Jake Paul។
ក្នុងការជួបគ្នាលើកទី១ នេះដែរ Jake Paul ត្រូវបានគេរាយការណ៍ថា ទទួលបានតម្លៃខ្លួន ៣៨លានដុល្លារពីជ័យជម្នះនេះ គ្រាដែលគូប្រជែង Mike Tyson ទទួលបាន ២០លានដុល្លារ៕