(មិចស៊ិកូ)៖ លោក Javier Aguirre អ្នកចាត់ការទូទៅនៃក្រុមបាល់ទាត់ជម្រើសជាតិមិចស៊ិក បានរងរបួសបែកក្បាលយ៉ាងដំណំ ដោយសារកំប៉ុងស្រាបៀរអ្នកគាំទ្រ នៅពេលដឹកនាំក្រុមប្រកួតចាញ់ម្ចាស់ផ្ទះហុងឌូរ៉ាស់ ២-០ នៅថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកានេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា លោក Aguirre ដែលបានចូលដឹកនាំមិចស៊ិកនាអំឡុងខែកក្កដា ឆ្នាំ២០២៤ ជាលើកទី៣ របស់លោកបានរងរបួសបែកក្បាល នៅពេលកញ្ចែបញ្ចប់ការប្រកួតពេញម៉ោង ៩០នាទីនៅក្នុងផ្ទះហុងឌូរ៉ាស់ ដែលធ្វើឱ្យក្រុមខ្លាំងប្រចាំតំបន់អាមេរិកខាងជើងមួយនេះចាញ់ជើងទី១ នៃពាន CONCACAF Nations League វគ្គ ៨ក្រុម។

តែយ៉ាងណា លោក Aguirre ក៏នៅតែបន្តទៅចាប់ដៃ និងអបអរលោក Rueda ដែលដឹកនាំហុងឌូរ៉ាស់ទទួលបានជ័យជម្នះ ក្នុងផ្ទះរបស់ខ្លួននេះ។

សហព័ន្ធបាល់ទាត់ប្រចាំតំបន់អាមេរិកខាងជើង CONCACAF សន្យាថា នឹងបើកការស៊ើបអង្កេតករណីដែលបង្កឡើងដោយចេតនានេះ នៅពេលសហព័ន្ធបាល់ទាត់ប្រទេសមិចស៊ិកវិញបានចាត់ទុកទង្វើនេះ «គឺគ្មានកន្លែងក្នុងកីឡារបស់ពួកយើងទេ»។

សូមបញ្ជាក់ផងថា ការប្រកួតជើងទី២ រវាងមិចស៊ិក និងហុងឌូរ៉ាស់ នឹងធ្វើឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅពេលក្រុមឈ្នះ នឹងទទួលបានកៅអីលេងវគ្គចែកពូលនៃព្រឹត្តិការណ៍ Concacaf Gold Cup 2025 តែម្តង៕