(ប៊ែកឡាំង)៖ ក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ បានបង្កើតកំណត់ត្រាថ្មីនៅ Nations League ជំនាន់ទី៤ នេះ តាមរយៈឈ្នះច្រើនគ្រាប់ទៅលើក្រុមភ្ញៀវបូស្នីនាយប់មិញនេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា អាល្លឺម៉ង់ដែលមិនទាន់ឈ្នះពាន UNL នេះ រកបាន ១៧គ្រាប់មកហើយ ក្នុងចំណោមលេង ៥ប្រកួតប្រចាំ League A ក្រុម៣ និងបានក្លាយជាក្រុមដំបូងគេផងដែរ ដែលរកបាន ៧គ្រាប់ជ័យជម្នះ ពីការរៀបចំពាន ២ឆ្នាំម្តងបាន ៦ឆ្នាំមកនេះ។

អាល្លឺម៉ង់ ស្ថិតក្រោមការដឹកនាំដោយលោក Julian Nagelsmann ដែលបានកក់កៅអីទៅវគ្គ ៨ក្រុមចុងក្រោយ Nations League 2024-2025 រួចរាល់ហើយនោះ បន្តលេងមិនចាញ់ឡើយ តាមរយៈឈ្នះ៤ និងស្មើ១ មាន ១៣ពិន្ទុតាមពីក្រោយដោយទឹកក្រូចហូឡង់មាន ៨ពិន្ទុ ហុងគ្រីលេខ៣ មាន ៥ពិន្ទុ គ្រាដែលបូស្នីឈរបាតតារាងទើបរកបាន ១ពិន្ទុប៉ុណ្ណោះនៅសល់ ១ប្រកួតក្នុងដៃដូចគ្នា។

ពួកគេត្រូវរង់ចាំគូប្រកួតវគ្គ ១/៤ ដែលជាក្រុមលេខ២ ចេញពីពូលផ្សេងទៀត នឹងធ្វើឡើងនាខែមីនា ឆ្នាំ២០២៥ ខាងមុខ ស្របពេលបូស្នី ត្រូវទម្លាក់ទៅលេងក្របខណ្ឌទី២ Nations League រដូវកាលក្រោយ៕