(អាំស្ទើដាំ)៖ លោក Adam Szalai ជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិហុងគ្រី ត្រូវបានក្រុមគ្រូពេទ្យជួយសង្រ្គោះបន្ទាន់ នៅពេលមានបញ្ហាសុខភាព នាអំឡុងប្រកួត UEFA Nations League 2024-2025 រវាងម្ចាស់ផ្ទះហូឡង់ និងហុងគ្រី។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា អាជ្ញាកណ្តាលសញ្ជាតិអេស្ប៉ាញ លោក Jesus Gil Manzano បានផ្លុំកញ្ចែពន្យារពេលប្រកួតភ្លាមៗ ប្រមាណជាង ១០នាទីផងដែរ នៅពេលបុរសវ័យ ៣៦ឆ្នាំ Szalai មានបញ្ហាសុខភាពនៅទីតាំងកៅអីអង្គុយ។

នៅពេលការប្រកួតដំណើរការឡើងវិញ ទឹកក្រូចហូឡង់បានយកឈ្នះហុងគ្រី ៤-០ នៅកីឡដ្ឋាន Johan Cruijff Arena ក្នុងកម្មវិធី Nations League ប្រចាំ League A ក្រុម៣ និងធានាបានកៅអីមួយផងដែរ ដើម្បីឡើងទៅវគ្គ ៨ក្រុមជាមួយអាល្លឺម៉ង់ បារាំង អ៉ីតាលី និងព័រទុយហ្គាល់ គ្រាដែលបញ្ហាសុខភាពរបស់លោក Szalai ក៏បានវិលត្រឡប់មកប្រក្រតីវិញដែរ បន្ទាប់ពីបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្ថិតនៅទីក្រុង Amsterdam រួចមក។

គួររំលឹកផងថា Szalai ជាអតីតខ្សែប្រយុទ្ធដែលរកបាន ៨៦គ្រាប់ជាមួយហុងគ្រី មុនពេលចូលនិវត្តន៍នៅឆ្នាំ២០២៣ ដោយធ្លាប់លេងឱ្យក្លិបអាល្លឺម៉ង់មានដូចជា Stuttgart, Mainz, Schalke, Hoffenheim និង Hannover រួមទាំងក្លិបនៅអេស្ប៉ាញ Real Madrid B និង Basel របស់ស្វីសទៀតផង៕