(តិចសាស់)៖ Mike Tyson អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក ២សម័យបានបង្ហោះសារនៅលើបណ្តាញសង្គមថា លោកមិនពុំមានការស្តាយក្រោយឡើយ នៅពេលប្រកួតចាញ់ពិន្ទុ Jake Paul ដែលមានវ័យតិចជាងលោកដល់ទៅ ៣១ឆ្នាំក៏ដោយ។
បុរសសញ្ជាតិអាមេរិក វ័យ ៥៨ឆ្នាំបានប្រកួតចាញ់ Jake Paul អតីតតារា YouTube ដោយពិន្ទុឯកច្ឆន្ទនៅឯសង្វៀន Dallas Cowboy ស្ថិតក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ម្សិលមិញ។
Tyson បានបង្ហោះសារនៅលើបណ្តាញសង្គមដែលត្រូវបានដកស្រង់ចេញផ្សាយដោយ cbsnews.com ថា «ពុំមានការស្តាយក្រោយឡើយ ពីការបរាជ័យ ១ប្រកួតចុងក្រោយនេះ។ នេះជាស្ថានភាពមួយ ក្នុងចំណោមស្ថានភាពជាច្រើន នៅពេលអ្នកចាញ់ ប៉ុន្តែនៅតែឈ្នះ ព្រោះពោរពេញទៅដោយសេចក្តីរីករាយកាលពីយប់មិញ»។
Tyson ដែលបានចូលនិវត្តន៍ពីប្រដាល់សកលអាជីពទម្ងន់ធ្ងន់តាំងពីឆ្នាំ២០០៥ ក្រោយប្រឡូកបាន ២០ឆ្នាំផងនោះបានគូសបញ្ជាក់ថា រូបលោកស្ទើរតែបាត់បង់ជីវិតកាលពីអំឡុងខែមិថុនា ឆ្នាំ២០២៤ ជាមួយនឹងការបញ្ចូលឈាម ៨លើក និងស្រកអស់ជាង ១១គីឡូក្រាមនៅក្នុងមន្ទីរពេទ្យ។
លោកថា «ខ្ញុំត្រូវតែឡើងប្រកួតវិញ ដើម្បីទទួលបានសុខភាពល្អ ជាអ្វីដែលខ្ញុំចាត់ទុកថា ឈ្នះនាពេលនេះ។ ខ្ញុំមិនស្តាយក្រោយទេ»។
គួរបញ្ជាក់ផងថា កាលពី ៤ឆ្នាំមុន ពោលនៅឆ្នាំ២០២០ Mike Tyson ក៏បានឡើងសង្វៀនប្រកួតជាលក្ខណៈតាំងពិព័រណ៍ម្តងដែរទល់នឹង Roy Jones Jr អតីតម្ចាស់ខ្សែក្រវាត់ ៤ស្ថាប័នផ្សេងគ្នា៕