(ភ្នំពេញ)៖ នាពេលបច្ចុប្បន្ននេះ វិស័យសារព័ត៌មាននៅកម្ពុជា កំពុងប្រព្រឹត្តទៅតាមរយៈ វិទ្យុ ទូរទស្សន៍ ការសែត ទស្សនាវដ្តី សារអេឡិចត្រូនិច និងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម ហើយក៏កំពុងមានការវិវត្តទៅកាន់យុគសម័យឌីជីថល កាន់តែទំនើប និងមានភាពឆាប់រហ័សក្នុងការបញ្ជូនព័ត៌មាន ដែលបានកើតឡើងជូនសាធារណជនបានដឹងផងដែរ ។
ហេតុដូច្នេះ អ្នកសារពត៌មាន ត្រូវមានការទទួលខុសត្រូវ ប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូរ ក្នុងអាជីព និងត្រូវគោរពតាមច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន រាល់ការផ្សព្វផ្សាយនូវព័ត៌មាន ដំណឹង ឬហេតុការណ៍ដែលបានកើតឡើងត្រូវពិតប្រាកដ និងត្រឹមត្រូវ ។
តើអ្នកសារព័ត៌មាន ត្រូវទទួលខុសត្រូវទៅលើអ្វីខ្លះ?
ដូច្នេះដើម្បីយល់ដឹងឱ្យបានកាន់តែច្បាស់អំពី «ការទទួលខុសត្រូវ នៃអ្នកសារព័ត៌មាន» កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសប្តាហ៍នេះ នឹងធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម។
អ្នកសារព័ត៌មានសុទ្ធតែមាននូវសិទ្ធិក្នុងការផ្សព្វផ្សាយ ប៉ុន្តែត្រូវមើលលើសិទ្ធិរបស់ខ្លូនដែលធ្វើយ៉ាងណាកុំឱ្យមានប៉ះពាល់ទៅលើអ្នកដទៃ ជាពិសេសទៅលើសិទ្ធិបុគ្គលណាម្នាក់ ។
យោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន មាត្រា ៧ បានបញ្ញតិ្ត ថា សមាគមអ្នកសារព័ត៌មាននីមួយៗ ត្រូវតាក់តែងក្រមសីលធម៌ ដើម្បីអនុវត្តក្នុងសមាគមរបស់ខ្លួន ដែលអ្នកសារព័ត៌មាន មានកាតព្វកិច្ចគោរពគោលការណ៍ចាំបាច់ជាអាទិ៍ដូចតទៅ៖
*១. គោរពសច្ចធម៌ និងគោរពសិទ្ធិយល់ដឹងនូវសច្ចធម៌របស់
សា ធារណ ជន ។
*២. ត្រូវផ្សាយនូវដំណឹងទាំងឡាយដោយសុចរិត ព្រមទាំងធ្វើអត្ថាធិប្បាយ ឬរិះគន់ឱ្យត្រឹមត្រូវ និងសមស្របតាមគតិយុត្តិធម៌ ។
*៣. ត្រូវរាយការណ៍តាមហេតុការណ៍ដែល ខ្លួនបានដឹងពីប្រភពដើមតែប៉ុណ្ណោះ ។ អ្នកសារព័ត៌មានមិនត្រូវបំបាត់ចោលនូវព័ត៌មានសំខាន់ៗ ឬក្លែងបន្លំឯកសារផ្សេងៗឡើយ ។
*៤. ប្រើវិធីសុចរិតត្រឹមត្រូវដើម្បីស្វែងរកដំណឹង រូបថត និងឯកសារផ្សេងៗ ។
*៥. ត្រូវធ្វើការកែត ម្រូវព័ត៌មានណាដែលចេញផ្សាយរួចហើយៗ មានលក្ខណៈមិនជាក់លាក់ និងនាំឱ្យមានការយល់ច្រឡំ ។
*៦. ត្រូវចៀសវាងការផ្សព្វផ្សាយព័ត៌មាន ដែលញុះញង់ឱ្យមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា មតិ ឬនិន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពដទៃទៀត ។
*៧. ត្រូវគោរពសិទ្ធិ និងសេរីភាពរស់នៅក្នុងជីវភាពឯកជនរបស់បុគ្គល ។
*៨. ត្រូវគោរព ឱ្យបានហ្មត់ចត់តាមក្បួនវេយ្យាករណ៍ខ្មែរ ក្នុងការសរសេរអត្ថបទ ។
*៩. ហាមបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាស និងរូបភាពនៃអំពើហិង្សា ។
*១០. ហាមរំលោភលើសិទ្ធិ ដើម្បីមានការជំនុំជំរះក្ដី ដោយយុត្តិធម៌របស់បុគ្គលម្នាក់ៗ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
*១១. ត្រូវចាត់ទុកចំណុចដូចខាងក្រោមនេះជាការរំលោភដ៏ធ្ងន់ធ្ងរ ខាងផ្នែកវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន៖
- ការលួចចម្លងគំនិត ឬស្នាដៃរបស់អ្នកដទៃ មកដាក់ថាជារបស់ខ្លួន
- បន្លំឱ្យគេយល់ខុស ដូចជាការសរសេរបញ្ឆិតបញ្ឆៀង ដើម្បីឱ្យអ្នកអានមានការសង្ស័យដោយអយុត្តិធម៌លើបុគ្គលណាម្នាក់ ក្រុម បក្សណាមួយ
- ការមួលបង្កាច់ បរិហាកេរ្តិ៍ និងការជេរប្រមាថ
- ការទទួលសំណូកក្នុងបែបណាមួយ ឬការជំរិតយកប្រាក់ ដើម្បីជាថ្នូរនឹងការបោះពុម្ពផ្សាយ ឬមិនបោះពុម្ពផ្សាយនូវព័ត៌មានណាមួយ ។
ហេតុដូច្នេះ អ្នកសារព័ត៌មានទាំងអស់មិនត្រូវធ្វើការផ្សព្វផ្សាយ នូវរាល់ពត៌មានណាដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ សណ្ដាប់ធ្នាប់សង្គម ឬបង្កឱ្យមានការញុះញង់ រើសអើងទៅកាន់បុគ្គលណាម្នាក់នោះទេ ។ ការប្រព្រឹត្តិល្មើសរបស់អ្នក សារព័ត៌មានបានបញ្ញត្តិអំពីការពិន័យទៅកាន់ជនដែលបានប្រព្រឹត្តនោះ ដែលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី មួយលានរៀល (១.០០០.០០០ រៀល) ទៅប្រាំលានរៀល (៥.០០០.០០០ រៀល) រីឯបុគ្គលរងគ្រោះដោយអំពើនោះ មានសិទ្ធិតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីទៅតុលាការ ដែលមានចែងនៅមាត្រា ១១ កថាខណ្ឌទី២ និងទី៣ នៃច្បាប់ស្ដីរបបសារព័ត៌មាន ។
រីឯនៅក្នុងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជំពូកទី៤ ស្តីពីការទទួលខុសត្រូវ បានកំណត់ពីការទទួលខុសត្រូវក្នុងវិស័យ ព័ត៌មាន ត្រូវប្រកាន់ខ្ជាប់នូវការប្រតិបត្តិកាតព្វកិច្ច ដោយត្រូវមានទំនួលខុសត្រូវសង្គម ទំនួលខុសត្រូវវិជ្ជាជីវៈ និងទំនួលខុសត្រូវរដ្ឋប្បវេណី និងព្រហ្មទណ្ឌ។
សរុបមក ក្នុងនាមជាអ្នកសារព័ត៌មាន ត្រូវតែគោរពតាមក្រមសីលធម៌វីជ្ជាជីវៈសារព័ត៌មានឱ្យបានខ្ជាប់ខ្ជួន ត្រូវឈរនៅផ្លូវកណ្តាល មិនត្រូវវាយតម្លៃលើព័ត៌មាន ដែលខ្លួនរាយការណ៍ឡើយ ត្រូវមានទំនួលខុសត្រូវលើការផ្សព្វផ្សាយរាល់ព័ត៌មានរបស់ខ្លួន មិនបង្កឱ្យមានការអសណ្ដាប់ធ្នាប់សង្គម ឬអំពើដែលបង្កឱ្យមានការញុះញង់ រើសអើងណាមួយនោះទេ ព្រោះសាធារណជនទាំងអស់ សុទ្ធសឹងតែបានគិតថាអ្នកសារព័ត៌មាននាំយកមកនូវព័ត៌មានត្រឹមត្រូវ និងការពិតមកកាន់សាធារណជនទាំងអស់ ។
រៀបរៀងដោយ៖ លោកស្រីមេធាវី នូ ពិសី និងកញ្ញា ហេង មរកត ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថ បទ ច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclf.com ហ្វេសប៊ុកផេក៖ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/ Cambodia International Cooperation Law Firm ៕