(ឡុងដ៍)៖ តោកំណាចអង់គ្លេស បានបំបាក់គូប្រជែងសាធារណរដ្ឋអៀរឡង់ ៥ទល់នឹង០ នៅរាត្រីថ្ងៃអាទិត្យ ជាមួយប្រកួតចុងក្រោយរបស់គ្រូបង្វឹកស្តីទី លោក Lee Carsley មុនពេលវិលត្រឡប់ទៅដឹកនាំឈុតយុវជនអាយុក្រោម ២១ឆ្នាំអង់គ្លេសជាថ្មី។

ពីគេហទព័រកីឡា BBC បានចេញផ្សាយថា បុរសវ័យ ៥០ឆ្នាំរូបនេះ ត្រូវបានតែងតាំងដឹកនាំតោកំណាចអង់គ្លេសកាលពីដើមខែសីហា ឆ្នាំ២០២៤ ដើម្បីជំនួសកៅអីគ្រូបង្វឹក Gareth Southgate ដែលបានលាឈប់ ក្រោយចប់ព្រឹត្តិការណ៍ Euro 2024 នៅប្រទេសអាល្លឺម៉ង់ ជាអ្វីដែលលោកដឺកនាំបាន ៦ប្រកួត ឈ្នះ៥ និងចាញ់១ នៅពានលីគអឺរ៉ុប UEFA Nations League 2024-2025។

១ប្រកួតចុងក្រោយរបស់លោក Carsley គឺអង់គ្លេសយកបាន ៣ពិន្ទុដោយស្រួលក្នុងដី និងបន្តឈរទីកំពូលតារាងប្រចាំ League B ក្រុម២ ដែលមាន ១៥ពិន្ទុស្មើក្រុមលេខ២ ក្រិចផងដែរ។

លោក Lee Carsley បានកោះហៅកីឡាករ ៨រូបមកពីឈុត U21 ដែលបានរួមចំណែកជួយអង់គ្លេសឈ្នះជើងឯកពានអឺរ៉ុប កាលឆ្នាំ២០២៣ ក្នុងជ័យជម្នះផ្តាច់ព្រ័ត្រទៅលើគូប្រជែងអេស្ប៉ាញ ដើម្បីបំពេញបន្ថែមក្នុងឈុតធំអង់គ្លេស លេង ៦ប្រកួតនៅ Nations League ជំនាន់ទី៤ មុនពេលបេសកកម្មរបស់លោកត្រូវបានបញ្ចប់នៅ Wembley ដោយទុកតួនាទីធំនេះដល់គ្រូបង្វឹកអាល្លឺម៉ង់ Thomas Tuchel ដឹកនាំវិញម្តង ក្រោមកិច្ចសន្យា ១៨ខែ៕