(អ៉ីតាលី)៖ ការប្រកួតវាយកូនបាល់ (Tennis) ATP Finals 2024 ដែលរៀបចំនៅទឹកដីប្រទេសអ៉ីតាលី ពេលនេះបានរកឃើញម្ចាស់ជ័យលាភីហើយ គឺបានទៅលើកីឡាករម្ចាស់ផ្ទះ Jannik Sinner ក្រោយរកបានលទ្ធផលពិន្ទុឈ្នះ ២សិតដាច់ ទៅលើកីឡាករសហរដ្ឋអាមេរិក Taylor Fritz ខណៈរូបគេបានបង្កើតកំណត់ត្រាថ្មី ដែលលេងមិនចាញ់នោះទេប្រចាំការប្រកួតនេះ គិតចាប់តាំងពីឆ្នាំ១៩៨៦។
ទឹកប្រាក់រង្វាន់សម្រាប់ម្ចាស់ជ័យលាភីជើងឯក Jannik Sinner គឺទទួលបាន ២,២៣៧,២០០លានដុល្លារ ជាមួយគ្នានោះ សម្រាប់ជើងឯកវិញ្ញាសាវាយគូ បានទៅកីឡាករអាល្លឺម៉ង់ Kevin Krawietz និង Tim Putz ទទួលបានរង្វាន់ទឹកប្រាក់ប្រមាណ ៣៥៦,៨០០លានដុល្លារ ក្រោយពីយកឈ្នះគូប្រជែង Marcelo Arevalo (សាធារណៈរដ្ឋអែលសាល់វ៉ាឌ័រ) និងកីឡាករក្រូអាត Mate Pavic។
តាមរយៈការឈ្នះពាន ATP Finals 2024 របស់ម្ចាស់តំណែងលេខ១ ពិភពលោក Jannik Sinner នេះជាការឈ្នះបាន ២ហើយ ក្នុងឆ្នាំ២០២៤ បន្ទាប់ពីយកបានពាន US Open និងពាន Australian Open 2024។ ខណៈរូបគេបានបង្កើតកំណត់ត្រាថ្មីក្នុងរដូវកាលនេះ ដែលលេងមិនចាញ់មួយសិតណានោះទេ បន្ទាប់ពីលោក Ivan Lendl ធ្វើបានកាលឆ្នាំ១៩៨៦។
សូមជម្រាបផងថា ស្ថាប័នគ្រប់គ្រងកីឡាវាយកូនបាល់ផ្នែកបុរស និងសហព័ន្ធកីឡាវាយកូនបាល់អ៊ីតាលី (FITP) បានប្រកាសកាលពីថ្ងៃអាទិត្យថា កម្មវិធីការប្រកួតកម្រិត ATP Finals នឹងបន្តធ្វើឡើងនៅក្នុងប្រទេសអ៊ីតាលីរហូតដល់ឆ្នាំ 2030 ដែលការសម្រេចនេះធ្វើឡើង បន្ទាប់ពីដំណើរការដោយជោគជ័យនៃព្រឹត្តិការណ៍ក្នុងទីក្រុង Turin នាពេលកន្លងមក ជាមួយគោលការណ៍កាលពីដំបូង គ្រោងនឹងធ្វើបញ្ចប់ត្រឹមរដូវកាលឆ្នាំ២០២៥ នៅប្រទេសអ៉ីតាលី៕