(បរទេស)៖ ក្រុមប្រឹក្សាការពារទិន្នន័យផ្ទាល់ខ្លួន (KVKK) របស់ប្រទេសតួកគី បានពិន័យជាប្រាក់លើវេទិកាហ្គេម​ Twitch របស់​ក្រុមហ៊ុនយក្សអាមេរិក Amazon ចំនួន ២លានលីរ៉ា (ប្រហែល ៥៨,០០០ដុល្លារ) ជុំវិញការរំលោភបំពានទិន្នន័យអ្នកប្រើប្រាស់។ នេះបើយោងតាមរបាយការណ៍ផ្លូវការពី Anadolu Agency និងត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។​

ប្រភពពី Anadolu Agency បានឱ្យដឹងថា ក្រុមប្រឹក្សាភិបាលតួកគី (KVKK) បានចាប់ផ្តើមការស៊ើបអង្កេតមួយ បន្ទាប់ពីមានការលេចធ្លាយទិន្នន័យទំហំ​ 125 GB (ជីហ្គាបៃ)។ នៅក្នុងនោះត្រូវបានគេប្រទះឃើញថា Twitch បានបរាជ័យក្នុងការអនុវត្តវិធានការសុវត្ថិភាពទុកជាមុន ពោលគឺទាល់តែបញ្ហាមកដល់ទើបដោះស្រាយតាមក្រោយ ដោយមិនមានការគ្រប់គ្រងហានិភ័យដែលអាចកើតមាន។ ក្រុមប្រឹក្សាភិបាលបានកត់សម្គាល់ថា Twitch មិនបានធ្វើការវាយតម្លៃហានិភ័យ និងការគំរាមកំហែងគ្រប់គ្រាន់ ដែលរួមចំណែកដល់ភាពធ្ងន់ធ្ងរនៃការបំពាននេះ។

គួរជម្រាបថា Twitch គឺជាវេទិកាផ្សាយផ្ទាល់របស់អាមេរិកដ៏លេចធ្លោមួយដែលផ្តោតជាចម្បងលើខ្លឹមសារវីដេអូហ្គេម រួមទាំងការប្រកួតកីឡា ការចាក់ផ្សាយតន្ត្រី និងជាប្រភេទ creative streams។ យ៉ាងណាមិញ ជុំវិញការបំពានទិន្នន័យទំហំ 125 GB បានប៉ះពាល់ដល់អ្នកប្រើប្រាស់ប្រមាណ ៣៥,២៧៤នាក់នៅក្នុងប្រទេសតួកគី។ ទាក់ទិន្ននឹងនឹងបញ្ហានេះ ក្រុមប្រឹក្សាភិបាលតួកគី (KVKK) បានដាក់ពិន័យជាប្រាក់ចំនួន ១.៧៥លានលីរ៉ា សម្រាប់សុវត្ថិភាពមិនគ្រប់គ្រាន់ និង ២៥០,០០០លីរ៉ាទៀត សម្រាប់ការខកខានក្នុងការរាយការណ៍អំពីការបំពានទិន្នន័យនេះ៕