(ភ្នំពេញ)៖ ផ្ដើមចេញពីក្ដីស្រលាញ់ និងគំនិតច្នៃប្រឌិត ប្រកបដោយភាពប៉ិនប្រសព្វ លោក ឈួរ អាង ស្ថាបនិកក្រុមហ៊ុន ខេមយីមិច អ៊ីនធឺណេសិនណល និងជាអ្នកជំនាញខាងអភិវឌ្ឍអាជីវកម្មជាង ៣០ឆ្នាំនៅកម្ពុជា និងជាម្ចាស់ហាងកាហ្វេទំនើប ដឹហេភី (THE HAPPY) បានថ្លែងឱ្យដឹងថាការបើកដំណើរលក់ជាផ្លូវការនេះ មិនត្រឹមតែជាហាងហ្វេនោះទេ តែក៏ជាទីតំាងផ្ដល់ចំណេះដឹងផ្នែកអាជីវកម្មដល់អតិថិជនផងដែរ។
ក្នុងពិធីសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន ខេមយីមិច អ៊ីនធឺណេសិនណល និងហាងកាហ្វេទំនើប ដឹហេភី កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឈួរ អាង បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ហាងកាហ្វេ ដឹហេភី គឺខុសពីហាងកាហ្វេទូទៅដែលមាននៅកម្ពុជា ដោយហាងកាហ្វេជាទូទៅ មានតែគ្រាប់កាហ្វេតែមួយឬពីរប្រភេទ តែធ្វើបានមឺនុយកាហ្វេច្រើនមុខ ចំពោះហាងកាងហ្វេ ដឹហេភី គឺមានគ្រាប់កាហ្វេមកពីច្រើនប្រភពឱ្យជ្រើសរើស មាន Aroma រសជាតិ និងអត្តសញ្ញានប្លែកៗពីគ្នា ដែលបាននាំចូលពីប្រទេសដាំកាហ្វេអាប៊ីកាល្បីៗជាង១០ប្រទេស ដែលសុទ្ធតែមានរសជាតិសម្រិតសម្រាំងកម្រឹត Specialty ហើយលីងថ្មីជារៀងរាល់សប្ដាហ៍ ដោយអ្នកជំនាញលីងគ្រាប់កាហ្វេមានបទពិសោធន៍ជាច្រើនឆ្នាំនៅកម្ពុជា។
លើសពីនោះ ហាងកាហ្វេ ដឹហេភី នឹងនាំនូវភាពអស្ចារ្យដែលមិនធ្លាប់មានពីមុននៅកម្ពុជា ទាំងរសជាតិកាហ្វេ និងការចំណេញទ្វេដងសម្រាប់អ្នកចូលចិត្តកាហ្វេ (Coffee enthusiasts) ការចំណាយថវិកាក្នុងសម័យឌីជីថលនេះ អតិថិជននៅ ដឹហេភី មិនតម្រូវឱ្យចាយសាច់ប្រាក់ដោយផ្ទាល់នោះទេ ក៏ប៉ុន្ដែអតិថិជនត្រូវយកលុយមកប្ដូរជាពិន្ទុដើម្បីទិញកាហ្វេវិញ។ ក្នុងនោះ ១ ដុល្លារអតិថិជនអាចប្ដូរបាន ១០០ពិន្ទុ នឹងមានការថែមជូន ៥០ពិន្ទុបន្ថែម ដូច្នេះ ១ ដុល្លាររបស់អតិថិជនអាចប្ដូរមកវិញបាន ១៥០ ពិន្ទុ ឬស្មើនឹង ១.៥ដុល្លារ ដែលនេះធ្វើឲ្យអ្នកទិញទទួលបានផលចំណេញ។
ពិសេសជាងនេះទៅទៀត ហាងកាហ្វេ ដឹហេភី ក៏មាននូវបណ្ណាល័យ (Human Library) ផងដែរ តែមិនមែនជាបណ្ណាល័យដែលមានសៀវភៅអាននោះទេ ប៉ុន្តែមានអ្នកជំនាញបទពិសោធន៍ច្រើនឆ្នាំ ដែលអតិថិជនអាចណាត់ជួបឆ្លើយពិភាក្សាចម្ងល់ទៅលើអាជីវកម្មគ្រប់ប្រភេទ ដែលរាល់ការចែករំលែកបទពិសោធន៍ ឬគន្លឹះថ្មីៗទាក់ទងទៅនឹងអាជីវកម្ម ដើម្បីឱ្យអតិថិជនយកទៅប្រតិបត្ដិទៅលើអាជីវកម្មរបស់ពួកគាត់នេះ គឺមិនគិតកម្រៃនោះឡើយ ហើយសម្រាប់និស្សិតវិញនឹងទទួលបានឱកាសកាន់តែពិសេសជាងនេះទៅទៀត។
អ្វីដែលចាប់អារម្មណ៍គឺហាងកាហ្វេ បរិយាកាសល្អ ទីតាំងធំទូលាយ ងាយស្រួលសម្រាប់ការប្រជុំ ការធ្វើសិក្ខាសាលា និងកម្មវិធីផ្សេងៗបានថែមទៀតផង។
ក្នុងឱកាសសម្ភោធនោះ លោកស្រី ង៉ូវ ស៊ុនសុខនី ដែលជាអគ្គនាយិកាក្រុមហ៊ុន ខេមយីមិច អ៊ីនធឺណេសិនណល ក៏បានឡើងធ្វើបទបង្ហាញអំពីចក្ខុវិស័យ និងការនាំចូលផលិតផលល្បីៗរបស់ក្រុមហ៊ុនផងដែរ។
បើតាមការឲ្យដឹងពីលោកស្រីអគ្គនាយិកា បច្ចុប្បន្នក្រុមហ៊ុន ខេមយីមិច អ៊ីនធឺណេសិនណល បានកំពុងនាំចូលនូវផលិតផលជាច្រើនដូចជា៖ នំសណ្ដែកដី កាហ្វេលាយស្រេច អំបិលហិមាល័យ ទឹកដោះគោជូរ ស្រាក្រហម ស្រាបៀ ម៉ាស៊ីនឆុងកាហ្វេស្វ័យប្រវត្ដិ មកពីបណ្ដាប្រទេសល្បីៗជុំវិញពិភពលោក។ ហើយក្នុងពេលឆាប់ៗខាងមុខក្រុមហ៊ុននឹងបន្តនាំចូលតែ (Specialty Tea) ដែលមានគុណភាពមកពីប្រទេសស្រីល័ង្កា និងប្រទេសជាច្រើនទៀត។ លោកស្រីសង្កត់ធ្ងន់ថា ក្រុមហ៊ុនបានប្តេជ្ញាក្នុងការស្វែងរកទំនិញដ៏ល្អបំផុតពីជុំវិញពិភពលោក ហើយធានាថាផលិតផលទាំងនោះនឹងទៅដល់ដៃអតិថិជនរបស់ខ្លួនក្នុងស្ថានភាពល្អឥតខ្ចោះ។
ដូច្នេះបើលោកអ្នកចង់ជ្រាបកាន់តែច្បាស់ សូមអញ្ជើញសាកទៅភ្លក់រសជាតិកាហ្វេ និងក្រេបចំណេះជំនាញបន្ថែមនៅហាងកាហ្វេទំនើប ដឹហេភី ដែលស្ថិតនៅលើផ្លូវជាតិលេខ ៥ នៅផ្សារទំនើប BIGTREE Community Mall។
បើកលក់ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង១០យប់៕
ចំពោះលេខទំនាក់ទំនងកក់៖ 088 721 3344 | 096 225 4656 ឬហ្វេសប៊ុកផេក The Happy