(ភ្នំពេញ)៖ កម្ពុជានឹងមានរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ដឆ្លងកាត់ឧបសគ្គ (Off-Road) អន្ដរជាតិ លើកដំបូង នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ខណៈក្រោយព្រឹត្តិការណ៍នេះ ថ្នាក់ដឹកនាំសហព័ន្ធកីឡាយានយន្ដកម្ពុជា រំពឹងនឹងជំរុញការអភិវឌ្ឍវិស័យកីឡានេះឲ្យកាន់តែរីកចម្រើន ក៏ដូចជាផលិតបានកីឡាករមានសមត្ថភាពកាន់តែច្រើន ដើម្បីចូលរួម និងចេញទៅប្រកួតលើឆាកអន្ដរជាតិ។
នេះបើតាមការបញ្ជាក់របស់លោក ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្ដកម្ពុជា និងជាប្រធានក្លិបកីឡាគ្រួសារ Off Road កម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ដ Off-Road អន្ដរជាតិ ខេត្តព្រះសីហនុ ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ ហើយក៏មានការចូលរួមពីក្រុមការងារបច្ចេកទេស និងកីឡាករ ដែលត្រៀមចូលរួមព្រឹត្តិការណ៍អន្ដរជាតិនេះ។
មន្ដ្រីសហព័ន្ធដដែលបន្ដថា នេះជាលើកដំបូងហើយ ដែលសហព័ន្ធ សហការជាមួយភាគីពាក់ព័ន្ធ ដោយមានការគាំទ្រពីអាជ្ញាធរខេត្តព្រះសីហនុ រៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ដឆ្លងកាត់ឧបសគ្គលក្ខណៈអន្ដរជាតិនេះឡើង ក្នុងគោលបំណងសំខាន់ៗចំនួន ២ ទី១-ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាយានយន្ដកម្ពុជា និងទី២-ដើម្បីចូលរួមជំរុញវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ។ ទន្ទឹមនឹងការប្រកួត ក៏នឹងមានកម្មវិធីអមជាច្រើន ដើម្បីផ្ដល់ភាពសប្បាយរីករាយដល់កីឡាករជាតិ និងអន្ដរជាតិ ដែលចូលរួមការប្រកួត និងផ្សព្វផ្សាយពីខេត្ត នៃតំបន់ឆ្នេរស្អាតពិភពលោកនេះផងដែរ។
លោក ទៀ ស្យាម បន្ថែមទៀតថា មូលហេតុនៃការជ្រើសរើសខេត្តព្រះសីហនុ ដើម្បីរៀបចំព្រឹត្តិការណ៍អន្ដរជាតិលើកដំបូងនេះ ដោយសារការមើលឃើញពីសក្ដានុពលខេត្ត មានឆ្នេរសមុទ្រ មានទីលានធំ និងហេដ្ឋារចនាសម្ព័ន្ធ ហើយប្រទេសជិតខាងស្គាល់ច្រើនស្រាប់ ពិសេសមានការជំរុញ និងគាំទ្រពីអាជ្ញាធរខេត្ត។ ចំពោះការប្រកួត នឹងត្រូវរៀបចំតាមនិយាមអន្ដរជាតិ ដើម្បីធានាបាននូវការប្រកួតស្ដង់ដារ ពិសេសផ្ដល់ឱកាសដល់កីឡាករកម្ពុជា បានចូលរួមបង្ហាញសមត្ថភាព ក៏ដូចជាអភិវឌ្ឍន៍សមត្ថភាព និងបច្ចេកទេសកាន់តែរីកចម្រើន ហើយអាចឈានទៅចូលរួមការប្រកួតកម្រិតអន្ដរជាតិកាន់តែច្រើន។
លោកបន្ដថា «នេះគឺជាព្រឹត្តិការណ៍ដ៏ល្អមួយ ដែលធ្វើឲ្យកីឡាករក្នុងប្រទេសយើង បានហ្វឹកហាត់ និងអភិវឌ្ឍន៍ខ្លួនទៅកាន់ខ្នាតអន្ដរជាតិ ដោយយោងតាមលក្ខន្ដិកៈ និងលក្ខខណ្ឌនៃការរៀបចំព្រឹ ដោយយកគំរូតាមច្បាប់អន្ដរជាតិទាំងអស់ ។ យើងនឹងព្យាយាមរៀបចំព្រឹត្តិការណ៍នេះស្របតាមច្បាប់អន្ដរជាតិ ដើម្បីផ្ដល់ឱកាសឲ្យកីឡាករខ្មែរបានយល់ និងស្គាល់អំពីការប្រណាំងខ្នាតអន្ដរជាតិ ហើយអភិឌ្ឍន៍ខ្លួនឈានទៅប្រកួតខ្នាតអន្ដរជាតិបាន ។ ខ្ញុំសង្ឃឹមថា ថ្ងៃក្រោយ យើងនឹងមានកីឡាករទៅប្រកួតនៅអន្ដរជាតិបានកាន់តែច្រើន ដោយចាប់ផ្ដើមពីការប្រកួតក្នុងប្រទេសយើង ដើម្បីជ្រើសរើសកីឡាករឆ្នើមៗ ដែលអាចជំរុញទៅប្រណាំងនៅបរទេសបាន»។
គួរដឹងថា ព្រឹត្តិការណ៍ប្រណាំងរថយន្ដ Off-Road អន្ដរជាតិ ខេត្តព្រះសីហនុ ឆ្នាំ២០២៤ នឹងបិទបញ្ចប់ការទទួលពាក្យចូលរួម នៅថ្ងៃទី២០ ខែវិច្ឆិកា ខណៈបច្ចុប្បន្នមានអត្តពលិក ៥ប្រទេសហើយ ដែលបានចុះឈ្មោះចូលរួម ក្នុងនោះមានម្ចាស់ផ្ទះកម្ពុជា ប្រមាណ ៤០គ្រឿង និងបរទេសជាង ២០គ្រឿង ដែលមកពីប្រទេសថៃ ឡាវ វៀតណាម និងចិន។ ចំពោះការប្រកួតបែងចែកជា ៣កម្រិត រួមមាន Class A ដែលជាការប្រកួតកម្រិតខ្ពស់, Class B កម្រិតមធ្យម និង Class C សម្រាប់អ្នកស្រលាញ់វិស័យកីឡាយានយន្ដ ដែលចង់ចូលរួមប្រកួតសាកល្បងផងដែរ៕