(មេនឆេស្ទើ)៖ Tommy Fury នឹងឡើងសង្វៀនប្រដាល់សកលវិញ តាមរយៈប៉ះគូប្រជែង Darren Till អតីតតារាជើងខ្លាំងប្រដាល់ក្នុងទ្រុង UFC នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ខាងមុខ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការប្រកួតនេះដែរនឹងធ្វើឡើងនៅលើសង្វៀនដែលស្ថិតក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស ក្រោយពេលកីឡាករ Fury បានអវត្តមានពីវិស័យប្រដាល់ឈឺសាច់មួយនេះជាង ១ឆ្នាំ គិតចាប់តាំងវាយឈ្នះពិន្ទុ KSI នាអំឡុងខែតុលា ឆ្នាំ២០២៣។
កីឡាករប្រភេទទម្ងន់ធ្ងន់រូបនេះ នឹងប្រឈមមុខទល់នឹង Till នៅឯសង្វៀន AO Arena ដែលស្ថិតក្នុងទីក្រុងកំណើតរបស់លោកតែម្តង។
នៅចាំបានថា Tommy Fury ក៏ធ្លាប់បានផ្តួលអតីតតារា YouTube គឺ Jake Paul ដោយពិន្ទុមិនឯកច្ឆន្ទនៅប្រទេសអារ៉ាប៊ីសាអូឌីតនាអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ មុនពេលរូបគេ (Paul) វ័យ ២៧ឆ្នាំ បានយកឈ្នះបងប្រុស Mike Tyson វ័យ ៥៨ឆ្នាំ ដោយពិន្ទុឯកច្ឆន្ទកាលពីថ្ងៃសៅរ៍ ក្នុងរដ្ឋតិចសាស់។
Fury បានកំពុងកាន់កាប់កំណត់ត្រាប្រកួត ១០លើកមិនចាញ់ឡើយគិតមកទល់ពេលនេះ បើទោះបីជាជ័យជម្នះទៅលើ KSI មិនត្រូវបានក្រុមប្រឹក្សាអង់គ្លេស ដាក់បញ្ចូលក្នុងការប្រកួតលក្ខណៈអាជីពក៏ដោយ៕