(បរទេស)៖ ក្រុមហ៊ុនចិន Huawei Technologies បានប្រកាសនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ខ្លួនបានចាប់ផ្តើមទទួលការបញ្ជាទិញជាមុន (Pre-Order) សម្រាប់ម៉ូដែលស្មាតហ្វូន Mate 70 ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលក្រុមហ៊ុនបានបង្ហោះនៅលើគណនី WeChat ផ្លូវការ និងត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្រុមហ៊ុនយក្សរបស់ចិនមួយនេះក៏បានប្រកាសដែរថា ខ្លួននឹងរៀបចំព្រឹត្តិការណ៍បង្ហាញស្មាតហ្វូនម៉ូដែល Mate 70 នេះនៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខ។ ហាងអនឡាញរបស់ក្រុមហ៊ុន បានចាប់ផ្តើមអនុញ្ញាតឱ្យអ្នកប្រើប្រាស់កក់ទុកជាមុនសម្រាប់ម៉ូដែល Mate 70 ដោយមិនទាមទារប្រាក់កក់ ខណៈគេហទំព័រផ្លូវការមិនបានបង្ហាញពីតម្លៃស្មាតហ្វូនមួយនេះទេ។
គួរជម្រាបថា ក្រុមហ៊ុន Huawei បានត្រឡប់មកទីផ្សារស្មាតហ្វូនលំដាប់កំពូល 5G កាលពីឆ្នាំមុនជាមួយនឹងទូរស័ព្ទ Mate 60 របស់ខ្លួនដែលបានផលិតក្នុងស្រុក។
ទូរស័ព្ទនេះត្រូវបានដាក់លក់នៅក្នុងប្រទេសចិនយ៉ាងជោគជ័យ ទោះបីទទួលរងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០១៩មកក៏ដោយ៕