(ភ្នំពេញ)៖ សមាគមសិល្បករខ្មែរ ដែលមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធាន និងតាងនាមថ្នាក់ដឹកនាំ សមាជិកសមាជិកា នៃសមាគមសិល្បករខ្មែរ ពិតជាមានសេចក្តីសោកស្ដាយជាទីបំផុត ចំពោះមរណភាពរបស់តារាចម្រៀងអ្នកនាង អ៊ុំ គន្ធា ដោយរោគាពាធ កាលនៅអាទិត្យ ១រោច ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សមាគមសិល្បករខ្មែរ ចាត់ទុកថា ការស្លាប់របស់អតីតតារាចម្រៀង អ៊ុំ គន្ធា គឺការបាត់បង់នូវសិល្បករផ្នែកចម្រៀង ប្រកបដោយសមត្ថភាព ទេពកោសល្យ ដែលធ្លាប់បានចូលរួមយ៉ាងសកម្ម ក្នុងការបម្រើអារម្មណ៍មហាជនខ្មែរ។
តំណាងសមាគមសិល្បករខ្មែរ បានថ្លែងថា «ក្នុងឱកាសដ៏ក្រៀមក្រំរកទីបំផុតគ្មាននេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខ អាឡោះអាល័យ និងក្តីសង្វេគជាពន្លឹក ជាមួយក្រុមគ្រួសារនៃសពរបស់អ្នកនាង អ៊ុំ គន្ធា ជាពិសេសកូនៗជាទីស្រឡាញ់របស់អ្នកនាង ដែលតែងតែរួមរស់នៅ រួមសុខទុក្ខគ្រប់កាលៈទេសៈជាមួយម្ដាយរហូតមក។ មរណភាពរបស់អ្នកនាង អ៊ុំ គន្ធា គឺជាការបាត់បង់នូវសាច់ញាតិជាទីស្រឡាញ់រាប់អាន និងអ្នកម្ដាយជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងគុណូបការ:ចំពោះកូនគ្រប់ៗគ្នា»។
យ៉ាងណាមិញ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សមាគមសិល្បករខ្មែរ នឹងចាត់តំណាងរបស់ខ្លួន ដើម្បីទៅចូលរួមរំលែកទុក្ខដោយផ្ទាល់ នៅក្នុងកម្មវិធីបុណ្យសពរបស់អតីតតារាចម្រៀង អ៊ុំ គន្ធា ដែលកំពុងតែប្រារព្ធធ្វើឡើង តាមប្រពៃណីនៅវត្តពោធិចិនតុង ផ្លូវសហព័ន្ធរុស្សី ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ជាថ្មីម្តងទៀត សមាគមសិល្បករខ្មែរ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយក្រុមគ្រួសារកូនៗដោយក្ដីរាប់អាន និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់អ្នកនាង អ៊ុំ គន្ធា សូមបានទៅសោយសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕