(ប៊ូដាផេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិប៊ែលហ្សិក ដែលធ្លាប់ឈរនៅលំដាប់កំពូល FIFA World Ranking បានបរាជ័យ ១-០ ក្រោយថ្វីជើងរបស់អ៊ីស្រាអែល នៅថ្ងៃបិទបញ្ចប់វគ្គសន្សំពិន្ទុប្រចាំ League A ក្រុម២ យប់មិញ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Bozsik Arena ស្ថិតក្នុងទីក្រុង Budapest ប្រទេសហុងគ្រី ប្រើជាទឹកដីកណ្តាល ស្របពេលប្រទេសស្ថិតនៅបជ្ឈឹមបូព៌ាមួយនេះ កំពុងជួបបញ្ហាសង្រ្គាម ក្នុងតំបន់។
ជំនួបរវាងក្រុមដែលគ្មានកៅអីឡើងទៅវគ្គ ៨ក្រុម UEFA Nations League 2024-2025 ចំនួនសំបុត្រជាង ៦០០សន្លឹកប៉ុណ្ណោះត្រូវបានលក់ ដ្បិតក្រុមទាំងពីរនេះលេងឈ្នះ១ ស្មើ១ និងចាញ់ ៤លើកដូចគ្នា ក្នុងចំណោម ៦ប្រកួតនៅ Nations League ជំនាន់ទី៤។
បិសាចក្រហមអឺរ៉ុប ប៊ែលហ្សិក ដែលធ្លាប់មានកីឡាករល្បីល្បាញ Eden Hazard និងបច្ចុប្បន្នមាន Thibuat Coutois, Romalu Lukaku និង Kevin de Bruyne ផងនោះ ធ្លាប់ឈរនៅលំដាប់លេខ១ ពិភពលោកមកដល់ខែកុម្ភៈ ឆ្នាំ២០២២ លេងមិនឈ្នះឡើយ ក្នុងចំណោម ៥ប្រកួតចុងក្រោយនេះ ដោយបានត្រឹមស្មើ១ និងចាញ់៤។ ពួកគេត្រូវរង់ចាំប៉ះគូប្រជែងមកពី Group B ក្នុងការប្រកួត ២ជើងនាខែមីនា ឆ្នាំ២០២៥ ដើម្បីប្រជែងកៅអីបន្តលេងនៅ League A ទៀត ដ្បិតអ៊ីស្រាអែល ត្រូវកាត់ទៅលេង League B រដូវកាលក្រោយ៕