(សៀមរាប)៖ ឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចមកកាន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាស្វែងយល់អំពីវប្បធម៌របស់ប្រទេសក្នុងតំបន់អាស៉ីអគ្នេយ៍ នាចុងសប្ដាហ៍កន្លងទៅ សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ HARDING របស់សហរដ្ឋអាមេរិក ចំនួន៤៥នាក់ បានសហការជាមួយអាជ្ញាធរជាតិអប្សរាចូលរួមដាំកូនឈើចម្រុះចំនួន៣០០ដើម តាមដងស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានបច្ចេកទេស នៃឧទ្យានអង្គរ។

ការងារនេះធ្វើឡើងដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក សម្រាប់បន្សល់ទុកជាស្នាដៃការងារសង្គម និងកិច្ចការពារបរិស្ថាន ប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ និងទុកជាអនុស្សាវរីយ៍នៃការចងចាំក្នុងរមណីយដ្ឋានអង្គរផង៕