(ឡុងដ៍)៖ កីឡាករអន្តរជាតិអ៊ុយរ៉ូហ្គាយ Rodrigo Bentancur ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស FA ដកបញ្ឈរជើង ៧ប្រកួត នៅមុនពេលក្លិបមាន់ខ្នាយមាស Tottenham Hotspur ប៉ះសុទ្ធតែក្រុមខ្លាំងនៅ Premier League មានដូចជា Chelsea, Liverpool និងក្រុមការពារតំណែងជើងឯក Manchester City ជាដើម។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែបម្រើវ័យ ២៧ឆ្នាំរូបនេះ បានលេងសើចក្នុងន័យរើសអើងជាតិចំពោះមិត្តរួមក្រុម Son Heung-min។
កន្លងមក Bentancur ក៏ធ្លាប់ត្រូវបាន FA ពិន័យជាទឹកប្រាក់ប្រមាណ ១០ម៉ឺនផោនផងដែរនាអំឡុងខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចេញមតិរិះគន់នៅលើកញ្ចក់ទូរទស្សន៍ អំពីប្រទេសអ៊ុយរ៉ូហ្គាយរបស់លោកកាលពីខែមិថុនា។
បម្រាមថ្មី ៧ប្រកួតនេះដែរ Bentancur នឹងខកខានប្រកួតក្នុងលីគ Premier League របស់អង់គ្លេសរហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅពេល Spurs ប៉ះក្រុមខ្លាំង Man City, Chelsea និង Liverpool ជាដើម រួមទាំងវគ្គ ៨ក្រុមពាន League Cup ទល់នឹងបិសាចក្រហម Manchester United ថែមទៀតផង។
ក៏ប៉ុន្តែ Bentancur អាចចូលលេងបានធម្មតាក្នុងពានរង្វាន់លំដាប់ទី២ អឺរ៉ុប UEFA Europa League ដែលរូបគេបានដឹងកំហុស និងចេញមុខសុំទោសរួចរាល់ផងដែរនៅលើបណ្តាញសង្គម និងចាត់ទុកថា «នោះជាការលេងសើចដ៏អាក្រក់បំផុត»៕