(បរទេស)៖ ក្រុមក្រឡាអុកក្រូអាត បានរួមដំណើរជាមួយព័រទុយហ្គាល់ផងដែរ ក្នុងការឡើងទៅវគ្គ ៨ក្រុមជាបន្តទៀតនៃពានរង្វាន់លីគប្រចាំទ្វីបអឺរ៉ុប UEFA Nations League 2024-2025 ដ្បិតវាយបកតាមស្មើបច្ចខែល ១-១ នាយប់មិញ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រូអាតអតីតជើងឯករងកាល World Cup 2018 នៅរុស្ស៊ី បានឆក់យក ១ពិន្ទុក្នុងដី ពីការធ្វើបានសម្រេចរបស់ខ្សែការពារមកពី Manchester City គឺ Josko Gvardiol នៅវគ្គទី២ ក្រោយពេលខ្សែប្រយុទ្ធ Joao Felix មកពីលីគកំពូល Premier League ដូចគ្នា រកបានគ្រាប់នាំមុខតាំងពីនាទី៣៣ មក។
១ពិន្ទុក្នុងដីនេះដែរបានជួយឱ្យពួកគេរកបាន ៨ពិន្ទុ បន្តឈរនៅលេខ២ ប្រចាំ League A ក្រុម១ នៅថ្ងៃបិទបញ្ចប់សន្សំពិន្ទុពីការលេង ៦ប្រកួត បញ្ចប់ក្តីសង្ឃឹមរបស់ស្កុតឡេនក្នុងការឈានទៅវគ្គបន្ត ដ្បិតលេងឈ្នះក្រុមភ្ញៀវប៉ូឡូញ ២-១ នៅរាត្រីថ្ងៃចន្ទនោះដែរ។
នេះមានន័យថា ក្រូអាតដែលមានប្រធានក្រុម Luka Modric បានឆ្លងចូលវគ្គចាញ់-ធ្លាក់ជាបន្តទៀតនៅពាន Nations League ជំនាន់ទី៤ ជាមួយព័រទុយហ្គាល់ បារាំង អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ និងដាណឺម៉ាក ខណៈរង់ចាំអ៊ុតរវាងទឹកក្រូចហូឡង់ ឬក៏ហុងគ្រី ដែលនៅសល់ ១ប្រកួតទៀតពីក្នុង League A ក្រុម៣។ ប្រកួតវគ្គនេះដែរនឹងត្រូវធ្វើឡើងចាប់ពីខែមីនា ឆ្នាំ២០២៥ តទៅ៕