(បរទេស)៖ តាមរយៈបាយការណ៍ចុះផ្សាយនាពេលថ្មីៗនេះបានបង្ហាញថា បន្ទះឈីប Blackwell AI ថ្មីរបស់ក្រុមហ៊ុនអាមេរិក Nvidia កំពុងជួបប្រទះបញ្ហាឡើងកំដៅខ្លាំងនៅពេលដាក់ឱ្យប្រើប្រាស់នៅក្នុងម៉ាស៊ីនមេ (server)។ ដំណឹងនេះ បានធ្វើឱ្យអតិថិជនមួយចំនួនធំមានការព្រួយបារម្ភថា ពួកគេទំនងជាមិនអាចទទួលបានមជ្ឈមណ្ឌលទិន្នន័យថ្មី និងដំណើរការទាន់ពេលវេលានោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

ប្រភពដែលដឹងពីបញ្ហានេះបានឱ្យដឹងថា អង្គភាពដំណើរការក្រាហ្វិក (GPUs) Blackwell ឡើងកំដៅខ្លាំងនៅពេលដំឡើងនៅក្នុង rack server ដែលត្រូវបានរចនាឡើងដើម្បីផ្ទុកបន្ទះឈីបរហូតដល់ ៧២។ យ៉ាងណាមិញជុំវិញបញ្ហានេះ ក្រុមហ៊ុន Nvidia កំពុងស្វិតស្វាញរកដំណោះស្រាយ។ ទន្ទឹមនឹងនេះមានបុគ្គលិក Nvidia ម្នាក់មិនត្រូវបានបង្ហាញឈ្មោះបាននិយាយថា ក្រុមហ៊ុនបានស្នើឱ្យអ្នកផ្គត់ផ្គង់របស់ខ្លួនផ្លាស់ប្តូរការរចនានៃ racks ជាច្រើនដងដើម្បីដោះស្រាយបញ្ហាកំដៅលើសនេះ។

អ្នកនាំពាក្យក្រុមហ៊ុនផលិតបន្ទះឈីបនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Reuters ថា «Nvidia កំពុងធ្វើការជាមួយអ្នកផ្តល់សេវា Cloud ឈានមុខគេ ដែលជាផ្នែកសំខាន់នៃក្រុមវិស្វករ និងដំណើរការរបស់យើង។ ការបន្តវិស្វកម្មគឺជារឿងធម្មតា ហើយត្រូវបានរំពឹងទុក» ។

គួរជម្រាបថា បន្ទះឈីប​ AI ជំនាន់ចុងក្រោយនេះ ត្រូវបានពន្យាពេលម្តងរួចទៅហើយ ដោយកាលពីខែមីនាកន្លងទៅបានប្រកាសថា​ ខ្លួនគ្រោងនឹងចែកចាយអំឡុងត្រីមាសទី២ ឆ្នាំ២០២៤​ ប៉ុន្តែមកទល់ពេលនេះ គេមិនច្បាស់ទេថា Nvidia អាចនឹងដឹកជញ្ជូនទៅអតិថិជនទាន់ពេល ឬអត់​ ខណៈការពន្យាពេលនេះអាចនឹងប៉ះពាល់ដល់អតិថិជនធំៗដូចជា​ Meta, Google និង Microsoft ផងដែរ៕