(បរទេស)៖ ភាគហ៊ុនក្រុមហ៊ុន Tesla របស់កំពូលមហាសេដ្ឋីដ៏មានឥទ្ធិពល Elon Musk បានកើនឡើង ៥% បន្ថែមទៀតគិតត្រឹមថ្ងៃច័ន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមានរបាយការណ៍ថា ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump គ្រោងនឹងបង្កើតក្របខ័ណ្ឌសហព័ន្ធថ្មីមួយ ដើម្បីគ្រប់គ្រងយានយន្តដែលបើកបរដោយខ្លួនឯង ជាអាទិភាពកំពូលសម្រាប់នាយកដ្ឋានដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក បូករួមទាំងការបន្ធូរបន្ថយច្បាប់លើរថយន្តប្រភេទនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
យ៉ាងណាមិញ ជុំវិញរបាយកាណ៍ខាងលើនេះ CNBC មិនអាចផ្ទៀងផ្ទាត់បាននៅឡើយទេ ហើយបានស្នើសុំការអត្ថាធិប្បាយពីក្រុមជំនួយការរបស់លោក Trump និងពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក ដែលជាអង្គភាពនាយកដ្ឋានដឹកជញ្ជូន មានភារកិច្ចត្រួតពិនិត្យបច្ចេកវិទ្យារថយន្តបើកបរដោយខ្លួនឯង។ ទោះជាយ៉ាងណា របាយការណ៍នេះ មានភាគរយច្រើនអាចត្រឹមត្រូវ ត្បិតថាម្ចាស់ក្រុមហ៊ុន Tesla លោក Elon Musk គឺជាឥស្សរជនសំខាន់នៅក្នុងពិភពជំនួញ ដែលជំរុញឱ្យលោក Trump អាចវិលត្រឡប់មកសេតវិមានវិញនៅក្នុងការបោះឆ្នោតឆ្នាំ២០២៤នេះ។ ជាមួយគ្នានេះលោក ដូណាល់ ត្រាំ ក៏ទើបតែបានតែងតាំង Elon Musk ដែលបានជះលុយរាប់លានដុល្លារ ជួយគាំទ្រដល់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ឱ្យក្លាយជារដ្ឋមន្ត្រីក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល ផងដែរ។
ការតែងតាំងនេះ នឹងធ្វើឱ្យកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ពិភពលោករូបនេះ កាន់តែមានឥទ្ធិពលខ្លាំងឡើង។ កំពូលមហាសេដ្ឋី Elon Musk និងលោក វីវេក រ៉ាម៉ាស្វាមី (Vivek Ramaswamy) អតីតបេក្ខជនឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ នឹងរួមគ្នាដឹកនាំក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល ដែលជាអង្គភាពថ្មីមួយដែលលោក ដូណាល់ ត្រាំ អះអាងថា នឹងដំណើរការដោយឯករាជ្យមិនស្ថិតក្រោមចំណុះរបស់រដ្ឋាភិបាលឡើយ។
កាន់តែចាប់អារម្មណ៍នោះ កាលពីខែមុន លោក Elon Musk បានបង្ហាញរថយន្តជាប្រភេព Robotaxi ដែលទន្ទឹងរង់ចាំជាយូរមកហើយរបស់ក្រុមហ៊ុន Tesla ដែលមានឈ្មោះថា «Cybercab» ជារថយន្តពីរកៅអី មានតម្លៃខ្ទង់ ៣០,០០០ ដុល្លារ ដោយគ្មានចង្កូត ឬឈ្នាន់បើកបរ។ ដូច្នេះ បើគិតមើលទល់នឹងពេលនេះ គឺហាក់ស៉ីសង្វាក់គ្នាមែនទែន ជាមួយនឹងរបាយការណ៍ពីការបន្ធូរបន្ថយច្បាប់ លើរថយន្តបើកបរដោយខ្លួនឯងនេះ៕