(ភ្នំពេញ)៖ ការប្រកួតកីឡាគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៥ (The 5th World Kun Khmer Championship) ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅ នាថ្ងៃទី០៦-០៨ ខែធ្នូខាងមុខ នៅមុខសួនព្រះរាជដំណាក់ នាក្រុងសៀមរាប ខេត្តសៀមរាប ដោយមានអត្តពលិកប្រមាណ ១១៨នាក់ មកពី ២៤ប្រទេសចូលរួម ក្នុងនោះមានបារាំង កៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី និងអ៊ីរ៉ង់ ចូលរួមច្រើនជាងគេ ។
នេះបើតាមការបញ្ជាក់របស់លោក មៀម រ៉ា ប្រធានសហព័ន្ធគុនខ្មែរអន្ដរជាតិ(KIF) នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតជ្រើសរើសជើងឯកពិភពលោកកីឡាគុនខ្មែរ លើកទី៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយក៏មានការចូលរួមជាសក្ខីភាពពីតំណាង NOCC និងតំណាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលជាដៃគូសហការរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនេះផងដែរ ។
លោក មៀម រ៉ា បានគូសបញ្ជាក់ថា ឆ្នាំនេះ គឺជាខួបលើកទី៥ នៃការរៀបចំព្រឹត្តិការណ៍ជើងឯកពិភពលោកកីឡាគុនខ្មែរ ដែលនឹងមានការរៀបចំកាន់តែធំ និងអស្ចារ្យ ខណៈការចូលរួមក៏កាន់តែច្រើន ជាក់ស្ដែងមានអត្តពលិក ២៤ប្រទេស ស្មើនឹងកីឡាករ-កីឡាការិនីសរុប ១១៨នាក់ ដែលត្រៀមចូលរួមការប្រកួតនេះ ក្នុងនោះមានអត្តពលិកបារាំងច្រើនជាងគេ បន្ទាប់ពីម្ចាស់ផ្ទះកម្ពុជា ដែលត្រៀមកីឡាករ-កីឡាការិនីសរុបចំនួន ២៥នាក់ ដើម្បីស្វាគមន៍អត្តពលិកមកពីបណ្ដាទ្វីបនានា ។
ចំពោះបណ្ដាប្រទេសសមាជិក KIF បញ្ជូនអត្តពលិកចូលរួមព្រឹត្តិការណ៍ World Kun Khmer Championship 2024 គឺបារាំង មានចំនួន ១៦នាក់, កៀហ្ស៊ីស៊ីស្ថាន ១៣នាក់, រុស្ស៊ី ១២នាក់ និងអ៊ីរ៉ង់ ១១នាក់ ។ ក្រៅពីប្រទេសចូលរួមច្រើនជាងគេទាំង ៤ ក៏មានអាហ្វហ្គានីស្ថាន, ទុយនេស៊ី, ឥណ្ឌា, កាមេរ៉ូន, អាមេរិក, កាណាដា, ថៃ, វៀតណាម, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, ឥណ្ឌូនេស៊ី, ជប៉ុន, ស្រីលង្កា, អាហ្វ្រិកខាងត្បូង, ហុងកុង, ក្រិក និងអូស្ដ្រាលី ។
ប្រធាន KIF ដដែលបន្ដថា ការប្រកួតនេះ នឹងអនុវត្តតាមបទបញ្ជាការប្រកួតកីឡាស៊ីហ្គេម ពោលគឺជាការប្រកួតលក្ខណៈកីឡា ដើម្បីសម្រួចទិសដៅឆ្ពោះទៅការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា ក៏ដូចជាការស្វែងរកឱកាសបញ្ជូលគុនខ្មែរ ក្នុងការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០៣២ នៅប្រទេសអូស្ដ្រាលីផងដែរ ។ តែជាមួយគ្នា ក៏នឹងមានកីឡាករឆ្នើមៗកម្ពុជា ៩រូប ដូចជា ព្រំ សំណាង, មឿន សុខហ៊ុច និងម្ចាស់ជើងឯកឆ្នាំចាស់ គោរមៈ ច័ន្ទរាជ នឹងចូលរួមការប្រកួតលក្ខណៈអាជីព ដើម្បីជំរុញព្រឹត្តិការណ៍នេះឲ្យកាន់តែទាក់ទាញផងដែរ ។
តាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការ KIF បានឲ្យដឹងថា មុនឈានដល់ការប្រកួតផ្លូវការ នៅថ្ងៃទី០៥ ខែធ្នូខាងមុខ សហព័ន្ធគុនខ្មែរអន្ដរជាតិ ក៏នឹងមានរៀបចំនូវសន្និបាតបូកសរុបការងារ និងធ្វើការរៀបចំនូវរចនាសម្ព័ន្ធគ្រប់គ្រងជាលក្ខណៈអន្ដរជាតិ គ្រប់បណ្ដាប្រទេសជាសមាជិកឲ្យកាន់តែរឹងមាំ ពិសេសជំរុញការប្រកួតឲ្យកាន់តែទាក់ទាញ ដើម្បីជំរុញឥទ្ធិពលគុនខ្មែរលើឆាកអន្ដរជាតិ ក៏ដូចជាការបើកភ្លើងខៀវសម្រាប់ប្រទេសសមាជិក ដែលចង់ស្នើសុំធ្វើម្ចាស់ផ្ទះការប្រកួតគុនខ្មែរជើងឯកពិភពលោក បន្ទាប់ពីកម្ពុជាផងដែរ ៕