(បរទេស)៖ ក្រុមហ៊ុនផ្តល់ជូនមុខងារឌីហ្សាញអនឡាញដ៏ល្បីឈ្មោះរបស់អូស្តា្រលី Canva ថ្មីៗនេះបានតែងតាំងលោកស្រី Kelly Steckelberg ដែលជាអតីតប្រធានផ្នែកហិរញ្ញវត្ថុ (CFO) របស់ក្រុមហ៊ុន Zoom ជា CFO ថ្មីរបស់ខ្លួន ខណៈដែលក្រុមហ៊ុននេះត្រូវបានគេមើលឃើញថាកំពុងរៀបចំបោះផ្សាយមូលបត្រ (IPO) ជាលើកដំបូងដែលមានតម្លៃរហូតដល់ ២៥ពាន់លានដុល្លារឯណោះ។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
Canva គឺជា Platform ដែលផ្ដល់មុខងារ Design ស្ទើតែគ្រប់មុខនៅលើអនឡាញ និងកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងជាមួយនឹងអ្នកប្រើប្រាស់ចំនួន ២២០លាននាក់ប្រចាំខែ និងរកចំណូលប្រចាំឆ្នាំបានប្រហែល ២.៥ពាន់លានដុល្លារ។ កម្មវិធីដ៏ល្បីនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ហើយថ្មីៗនេះ Canva មានតម្លៃនៅលើទីផ្សារខ្ទង់ ៣២ពាន់លានដុល្លារជាតម្លៃដ៏ខ្ពស់បំផុតមួយសម្រាប់ក្រុមហ៊ុនឯកជន ប៉ុន្តែតម្លៃនេះត្រូវបានប្រភពគូសបញ្ជាក់ថា មានចំនួនធ្លាក់ចុះបើធៀបនឹងឆ្នាំ២០២១ ដែលតម្លៃទីផ្សារហក់ឡើងដល់ ៤០ពាន់លានដុល្លារឯណោះ។
Canva បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា «ជាមួយនឹងបទពិសោធន៍ជាច្រើនរបស់ Kelly ក្នុងនាមជាអ្នកដឹកនាំដ៏រឹងមាំ និងគំនិតយុទ្ធសាស្រ្ត គួបផ្សំជាមួយនឹងស្នាដៃជាច្រើនរបស់នាង ក្រុមហ៊ុនរំពឹងថា នាងនឹងក្លាយជាចំណែកដ៏រឹងមាំចំពោះកៅអីដឹកនាំរបស់យើង»។ ទន្ទឹមនឹងការតែងតាំងថ្មីនេះ ត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្រ្តថ្មីរបស់ Canva ក្នុងបោះផ្សាយមូលបត្រ ឬលក់ IPO របស់ខ្លួន ខណៈពេលវេលាជាក់លាក់នៃការដាក់លក់នេះនៅមិនទាន់បង្ហើបនៅឡើយនោទេ។
គួរជម្រាបថា លោកស្រី Kelly គឺជាស្រ្តីដ៏មានឥទ្ធិពលមួយរូប និងបានកាន់កាប់មុខងតំណែងហិរញ្ញវត្ថុនៅក្រុមហ៊ុនធំៗជាច្រើនរួមទាំង Cisco និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនណាត់ជួបអនឡាញ Zoosk មុនពេលចូលរួមជាមួយ Zoom ក្នុងឆ្នាំ២០១៧។ Kelly បានធ្វើការនៅ Zoom អស់រយៈពេល ៥ឆ្នាំហើយក៏ជាស្រ្តីតែម្នាក់ដែលនាំយក Zoom ទៅជាសាធារណៈតាមរយៈការបោះផ្សាយមូលបត្រ (IPO) ក្នុងឆ្នាំ២០១៩ និងជាអ្នកជួយជ្រោមជ្រែងក្រុមហ៊ុននេះរួចផុតពីជំងឺ Covid-19 ផងដែរ៕