(ភ្នំពេញ)៖ ស្ថានីយទូរទស្សន៍ហង្សមាស បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មាន ប្រកាសនូវកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម «BOOSRONG KING OF FIGHTERS KUN KHMER» ដែលសម្រិតសម្រាំងយ៉ាងពិសេសចំនួន៨នាក់ (ស្មើនឹង៤គូ) នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ខណៈកីឡាករដែលឈ្នះជ័យលាភីលេខ១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នឹងទទួលបានរង្វាន់នូវរថយន្តថ្មីសន្លាង១គ្រឿង ពីក្រុមហ៊ុនប៊ូសស្ត្រង។

សន្និសីទបើកព្រឹត្តិការណ៍ប្រកួតគុនខ្មែរ «BOOSRONG KING OF FIGHTERS KUN KHMER» មានការអញ្ជើញចូលរួមពីសំណាក់លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ, លោក មាស រិទ្ធី អគ្គនាយករងនៃទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស HDTV, លោក គ្រីស តូបភើ (Chris Toper) តំណាងក្រុមហ៊ុនប៊ូសស្ត្រង, លោក អ៊ា វណ្ណ ប្រធានដឹកនាំផលិតកម្មវិធី នៃទូរទស្សន៍ហង្សមាស រស្មីហង្សមាស HDTV និងលោក ណុប ប្រុស ប្រធានផ្គូរផ្គងកីឡានៃទូរទស្សន៍ហង្សមាស។

លោក មាស រិទ្ធី បានថ្លែងបញ្ជាក់ពីគោលបំណងរបស់ព្រឹត្តិការណ៍ប្រកួតនេះថា ស្ថានីយទូរទស្សន៍ហង្សមាស បានសហការជាមួយក្រុមហ៊ុនភេសជ្ជៈប៊ូសស្ត្រង ដើម្បីរៀបចំការប្រកួតនេះឡើង ក្នុងន័យបង្ហាញពីក្បាច់គុន, តម្លៃគុនខ្មែរ និងលើកស្ទួយវិស័យកីឡាគុនខ្មែរ ដែលកំពុងតែទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់បងប្អូន ប្រជាពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន ឲ្យកាន់តែល្បីសុះសាយជាលក្ខណៈអន្តរជាតិ និងស្របទៅតាមគោលបំណងដែលថ្នាក់ដឹកនាំ បានគិតគូទុករួចមកហើយ។ ចាប់ពីមានការប្រកួតកីឡាគុនខ្មែរមក សម្រាប់ស្ថានីយទូរទស្សន៍ហង្សមាស គឺមានចំនួន២០សប្ដាហ៍មកហើយ។

លោកបន្តថា សម្រាប់ទូរទស្សន៍ហង្សមាស កម្មវិធីប្រដាល់គុនខ្មែរ មិនមែនមានតែកិច្ចសហការជាមួយតែក្រុមហ៊ុនភេសជ្ជៈប៊ូសស្ត្រងនោះទេ គឺមានក្រុមហ៊ុនដទៃទៀតជាច្រើន ដែលមានបំណង ចង់ចូលរួមចំណែកលើកស្ទួយវិស័យកីឡារបស់កម្ពុជា គឺទូរទស្សហង្សមាសរីករាយនឹងសហការ គឺមានន័យថា «ហង្សមាសពហុបំណង» ក្នុងចក្ខុវិស័យវែងឆ្ងាយ ដើម្បីឲ្យកីឡាកររបស់យើង នៅតាមបណ្ដាក្លឹបនានា មានភាពរីកចម្រើន កាន់តែមានឱកាសច្រើនក្នុងការចូលរួមប្រកួត ហើយកសាងសមត្ថភាពបន្ថែមឲ្យកាន់តែខ្លាំងក្លា។ ជាពិសេសគឺមានសុក្រិត្យយុត្តិធម៌ នៅក្នុងការប្រកួត ហើយសព្វថ្ងៃយើងឃើញថា វិស័យគុនខ្មែរមានការរីកលូតលាស់ ក្នុងអាណត្តិដែលលោក ខូវ ឆាយ ជាប្រធានសហព័ន្ធកីឡា។

លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងថា ព្រឹត្តិការណ៍ប្រកួតគុនខ្មែរ «BOOSRONG KING OF FIGHTERS KUN KHMER» គឺជាកម្មវិធីថ្មីមួយទៀតហើយ ដែលក្រុមហ៊ុនប៊ូសស្ត្របានសហការរៀបចំឡើង ជាមួយទូរទស្សន៍ហង្សមាស ដែលមានរង្វាន់ជារថយន្ត បន្ទាប់ពីបានរៀបចំការប្រកួតជាមួយបណ្ដាទូរទស្សន៍ផ្សេងៗ ជាច្រើនរួចមកហើយ។ នេះជារថយន្តទី៧ហើយ ដែលកីឡាករល្បីៗជួរមុខលំដាប់ប្រទេសរបស់កម្ពុជាទទួលបាន។ ដូចយើងឃើញស្រាប់ហើយ កីឡាករទាំង៨រូបនេះ គឺសុទ្ធតែមានសមត្ថភាព ដែលអាចមានលទ្ធភាពដណ្ដើមយករថយន្ត និងដើរតាមជំហានរបស់កីឡាកររៀមច្បងរបស់យើង។

លោក ខូវ ឆាយ បានបន្តថា ក្រុមហ៊ុនភេសជ្ជៈប៊ូសស្ត្រងបានចំណាយថវិកាច្រើនណាស់ ក្នុងការលើកស្ទួយវិស័យគុនខ្មែរ តាមរយៈការប្រកួតដណ្ដើមយករថយន្ត ដណ្ដើមយកផ្ទះ និងប្រាក់ជាដើម ដែលយើងបានសង្ឃឹមនឹងជឿជាក់ថា កីឡាករទាំងអស់ដែលបានឆ្លងកាត់នូវការប្រកួតនេះ និងមានកម្រិតជីវភាពធូរធា ជាពិសេសនឹងពង្រឹងសមត្ថភាពរបស់ខ្លួនកាន់តែខ្លាំង ឈានទៅដល់ការផ្សព្វផ្សាយគុនខ្មែរ ជាអន្តរជាតិទៅថ្ងៃអនាគត។ យ៉ាងណាមិញ សព្វថ្ងៃនេះសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បាននឹងកំពុងយកចិត្តទុក្ខយ៉ាងខ្លាំងចំពោះវិស័យគុនខ្មែរ តាមបណ្ដាក្លឹបប្រដាល់នានា ហើយថ្មីៗនេះកំពុងតែអនុវត្តកិច្ចការចុះពង្រឹង ក្លឹបកីឡា និងបើកសង្វៀនប្រកួតកីឡាតាមខេត្តទៀតផង។

លោក គ្រីស តូបភើ (Chris Toper) តំណាងក្រុមហ៊ុនប៊ូសស្ត្រងបានថ្លែងថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ល្បីកក្រើកនេះ ក្រុមហ៊ុនបានដាក់រង្វាន់ធំ គឺដណ្ដើមឡានថ្មីខ្លាញ់គោទី៧ របស់ភេសជ្ជៈប៉ូវកម្លាំងប៊ូសស្ត្រង ហើយនឹងធ្វើឲ្យកម្មវិធីកាន់តែគគ្រឹកគ្រេង និងរំភើបផ្ទួនៗ។ ជាការពិតប៊ូសស្ត្រងនាំមកជូន នូវព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដណ្ដើមឡាន និងព្រឹត្តិការណ៍ប្រគំតន្ត្រីគុនខ្មែរដ៏ក្រកើក «Boostrong King of Fighter Kun Khmer» ជាព្រឹត្តិការណ៍ដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំ ប៉ុន្តែឥឡូវនេះក៏បានមកដល់ហើយ។

លោកបន្តថា ក្រុមហ៊ុនប៊ូសស្ត្រង នឹងបន្តដាក់រង្វាន់ធំជាប្រភេទយន្តនេះជាបន្តបន្ទាប់ ដោយមិនកំណត់ពេលវេលា និងចំនួននោះឡើយ ក្នុងន័យដើម្បីចូលរួមលើកស្ទួយកីឡាប្រដាល់គុនខ្មែរ និងចូលរួមកែប្រែកម្រិតជីវភាពរបស់កីឡាករ។ កម្មវិធីនេះ ក៏ជាចំណែកដ៏សំខាន់ជួយឱ្យមានការប្រកួតដណ្ដើមឡាន ជាប្រវត្តិសាស្រ្តគុនខ្មែរនេះកើតឡើងផងដែរ៕