(ភ្នំពេញ)៖ ក្រោមកិច្ចសហការរវាងស្ថាប័នបវរកញ្ញាភពផែនដីអន្តរជាតិ ដែលបានបង្កើតឡើងដោយកូនខ្មែរ ជាមួយនឹងក្រសួងទេសចរណ៍ កម្ពុជានឹងរៀបចំកម្មវិធីបង្ហាញសម្រស់មួយដ៏អស្ចារ្យ គឺកម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៤(Miss Planet International 2024) ជាលើកទី៤ ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីចូលរួមជួយផ្សព្វផ្សាយពីតំបន់អរិយធម៍ វប្បធម៍ ប្រពៃណី និងតំបន់ទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក។
ជាក់ស្តែងនាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បេក្ខភាពត្រៀមប្រកួតបវរកញ្ញាឯកភពផែនដីឆ្នាំ២០២៤ ជាង ៣០ប្រទេសក្នុងចំណោម ៦៨ប្រទេស បានមកដល់កម្ពុជាហើយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី Halley Amin ប្រធានស្ថាប័ន Miss Planet International ។
លោកស្រី Halley Amin បានបន្ថែមថា បើតាមផែនការបវរកញ្ញាទាំង ៧០ប្រទេស នឹងចុះមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៩ និងថ្ងៃទី២០ ហើយថ្ងៃទី២១ នឹងទៅទស្សនកិច្ចនៅវិមានឈ្នះឈ្នះ និងពហុកីឡដ្ឋានមរតតេជោ, នៅថ្ងៃទី២២ និងធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីរៀបចំកម្មវិធីពាក់ព័ន្ធនឹងបរិស្ថាន, នៅថ្ងៃទី២៤ ធ្វើដំណើរទៅទស្សកិច្ចនៅប្រាសាទអង្គរវត្ត ជាមួយគ្នានោះបវរកញ្ញាទាំងអស់ក៏នឹងចូលរួមដាំកូនត្នោតប្រមាណ ២ពាន់ដើមផងដែរ។
សូមបញ្ជាក់ដែរថា Miss Planet International ហៅកាត់ថា MPI គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិប្រចាំឆ្នាំ ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា ដែលបង្កើតឡើងដោយកូនខ្មែរ។ MPI គឺជាស្ថាប័នមួយ ដែលផ្អែកលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (UN) ពោលគឺហេតុផលនេះហើយ ទើបគេបង្កើតកម្មវិធីប្រកួតប្រជែង ដើម្បីស្វែងរកឯកអគ្គរដ្ឋទូត សម្រាប់ប្រទេសនីមួយៗ។ តាំងពីបង្កើតឡើងនៅឆ្នាំ២០១៩ MPI តែងតែត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២១ និង ២០២២ ដោយសារបញ្ហាជំងឺរាតត្បាត៕