(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិហុងឌូរ៉ាស់ តម្រូវឱ្យលេងក្នុងផ្ទះបិទទ្វារកីឡដ្ឋាន ក្រោយពេលគ្រូបង្វឹករបស់មិចស៊ិក គឺលោក Javier Aguirre ត្រូវបានក្រុមអ្នកគាំទ្រគប់នឹងកំប៉ុងស្រាបៀរបែកក្បាលកាលពីចុងសប្តាហ៍មុន។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា លោក Aguirre បានហូរឈាមស្រោចលើផ្ទៃមុខរបស់លោក បន្ទាប់ពីត្រូវនឹងកំប៉ុងស្រាបៀរ នៅអំឡុងដើរទៅចាប់ដៃគ្រូបង្វឹកហុងឌូរ៉ាស់ លោក Reinaldo Rueda បន្ទាប់ពីបញ្ចប់ការប្រកួតដែលមិចស៊ិកបានចាញ់ម្ចាស់ផ្ទះហុងឌូរ៉ាស់ ២-០ ជើងទី១ នៃវគ្គ ៨ក្រុម Concacaf Nations League 2024-2025។
សហព័ន្ធបាល់ទាត់ប្រចាំតំបន់អាមេរិកខាងជើង Concacaf បានកំពុងស៊ើបអង្កេតបន្តករណីរឿងនេះ មុនឈានដល់ការដាក់ទោសទណ្ឌបន្ថែមទៀត ដ្បិតម្ចាស់ផ្ទះហុងឌូរ៉ាស់បានបរាជ័យ ក្នុងការការពារសុវត្ថិភាពក្នុងកីឡដ្ឋាន។
ការប្រកួតជើងទី២ នៃវគ្គ ៨ក្រុម Nations League រវាងក្រុមទាំងពីរនឹងធ្វើឡើងនៅទឹកដីមិចស៊ិកវិញម្តង នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងការស្វែងរកកៅអីឡើងទៅវគ្គចែកពូល Gold Cup 2025 ដែលមានកាណាដា និងអាមេរិកធ្វើម្ចាស់ផ្ទះរួមគ្នា៕