(ម៉ាឌ្រីដ)៖ អាជីពជាកីឡាករវាយកូនបាល់ទោលរបស់ Rafael Nadal បានមកដល់ទីបញ្ចប់ហើយ ត្រឹមរាត្រីថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីម្ចាស់ផ្ទះអេស្ប៉ាញបានជ្រុះចេញពីពានរង្វាន់ Davis Cup 2024 រួចមក។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករជើងចាស់រូបនេះបានប្រកាសរួចមកហើយកាលពីខែមុន អំពីការលាឈប់ពី Tennis នៅក្រោយពេលកម្មវិធី Davis Cup ចប់សព្វគ្រប់ បន្ទាប់ពីប្រកបអាជីពនេះបាន ២៣ឆ្នាំកន្លងមក។

ម្ចាស់ផ្ទះអេស្ប៉ាញ ដែលបានរងបរាជ័យក្រោមស្នាដៃរបស់គ្រូប្រជែងហូឡង់នោះ គឺជាពេលវេលាចុងក្រោយសម្រាប់ Nadal វ័យ ៣៨ឆ្នាំ អតីតម្ចាស់ជើងឯកក្នុងពានកម្រិត Grand Slam ២២សម័យ។

នៅក្នុងពិធីលាអ្នកគាំទ្រនោះដែរ Nadal បានថ្លែងថា «វាមានរយៈពេល ២០ឆ្នាំមកហើយ ក្នុងនាមកីឡាករអាជីព និងជាពេលវេលាដ៏ល្អបំផុត ដែលអ្នករាល់គ្នាតែងតែគាំទ្ររូបខ្ញុំរហូតមក»

គួរបញ្ជាក់ផងថា ការចូលនិវត្តន៍របស់ Nadal ក្នុងនាមជាកីឡាករឈរនៅលំដាប់ទី២ ពិភពលោក ដែលប្រមូលបានពានច្រើនជាងគេនៅ Grand Slam បន្ទាប់ពី Novak Djokovic ដែលត្រូវបានគេប្រសិទ្ធនាមថា «King of Clay» ជាមួយនឹងកំណត់ត្រាឈ្នះពាន French Open ដែលលេងនៅលើទីលានដីឥដ្ឋបាន ១៤លើកច្រើនជាងគេ៕