(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ Volkswagen បានតែងតាំងលោក Kjell Gruner ដែលជាអតីតប្រធានផ្នែកជាន់ខ្ពស់នៅក្រុមហ៊ុនផលិតរថយន្តអាមេរិក Rivian ជានាយកប្រតិបត្តិ (CEO) នៅអាមេរិកខាងជើងរបស់ខ្លួន។ ការតែងតាំងនេះ ត្រូវបានគេមើលឃើញថាកើតឡើងចំពេលមានបញ្ហាប្រឈមក្នុងទីផ្សាររថយន្តអគ្គិសនី ដែលក្រុមហ៊ុន Volkswagen កំពុងខិតខំពង្រឹងជំហរប្រកួតប្រជែងរបស់ខ្លួន ព្រមទាំងការចរចាដែលកំពុងបន្តជាមួយសហជីព United Auto Workers នៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក Gruner ត្រូវបានគេស្គាល់ថាឥស្សរជនលេចធ្លោមួយរូបនៅក្នុងឧស្សាហកម្មរថយន្ត ហើយលោកបានកាន់តួនាទីជាអតីតប្រធានផ្នែកពាណិជ្ជកម្ម (CCO) និងប្រធានផ្នែកកំណើនអាជីវកម្ម នៅក្រុមហ៊ុន Rivian។ ជុំវិញការតែងតាំងនៅក្រុមហ៊ុន Volkswagen នេះត្រូវបានគេឱ្យដឹងថាលោក Gruner នឹងចូលទៅជំនួសតំណែងលោក Pablo Di Si ដែលបានកាន់តួនាទីចាប់តាំងពីឆ្នាំ២០២២ មកម្លេះ។
យ៉ាងណាមិញនៅពីក្រោយការចាកចេញរបស់លោក Di Si ហាក់មានហេតុ និងផលដោយត្រូវបានគេបង្ហើបថាកើតឡើងបន្ទាប់ពីរយៈពេលដ៏លំបាកមួយសម្រាប់ក្រុមហ៊ុន Volkswagen នៅអាមេរិកខាងជើង ខណៈដែលតួលេខនៃការលក់មិនបានបំពេញតាមការរំពឹងទុក ជាពិសេសសម្រាប់រថយន្តអគ្គិសនី ID.4។
យោងតាមបទពិសោធន៍របស់លោក Gruner នៅ Rivian នឹងធ្វើឱ្យលោកក្លាយជាអ្នកដឹកនាំដ៏ខ្លាំងមួយរូប ខណៈការចូលជំនួសតំណែងនេះហាក់កើតឡើងភ្លាមៗ បន្ទាប់ពីក្រុមហ៊ុន Volkswagen បោះទុនប្រមាណ ៥.៨ពាន់លានដុល្លារ ទៅក្នុងក្រុមហ៊ុន Rivian ដែលជាកន្លែងដែល Gruner ធ្លាប់ធ្វើការពីមុន។ មិនត្រឹមតែប៉ុណ្ណោះ មុនពេលធ្វើការជាមួយ Rivian លោក Gruner ក៏បានកាន់តំណែងនេះជាប្រធានផ្នែកពាណិជ្ជកម្មនៅ Porsche AG និង DaimlerChrysler AG ផងដែរ៕