(ភ្នំពេញ)៖ បន្ទាប់ពីប្រកាសលាក្រុមគ្រួសារ និងបាត់ខ្លួន ២យប់ ២ថ្ងៃ សពអតីតកីឡាករជម្រើសជាតិកម្ពុជា នុប តុលា បានរកឃើញហើយ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុំ វណ្ណា គ្រូបង្វឹកសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ។
គួរដឹងថា កាលពីព្រលប់ថ្ងៃទី១៨ ខែវិច្ឆិកាកន្លងទៅ សមាជិកក្លិបក្រសួងមហាផ្ទៃ នុប តុលា បានប្រកាសលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា «ខ្ញុំសោកស្ដាយអ្វីដែលខ្ញុំបានធ្វើ កែខ្លួនលែងបានហើយ លក់ទាំងឈ្មោះ លក់ទាំងកេឈ្មោះខ្លួនឯង និងគ្រួសារ ពេលខ្ញុំលាអ្នកទាំងអស់គ្នាហើយ Rip សុំទោសប្រពន្ធសម្លាក់ និងកូន ប៉ាម៉ាក់..» ។
បន្ទាប់ពីបង្ហោះសារគួតឲ្យភ្ញាក់ផ្អើល ដោយការប្រកាសលាក្រុមគ្រួសារបែបនេះ ក្រុមគ្រួសាររបស់ តុលា ក៏បានព្យាយាមទាក់ទង និងស្វែងរកភ្លាមៗ តែទាក់ទងមិនបាន រកឃើញត្រឹមម៉ូតូ ស្បែកជើង និងទូរស័ព្ទ រហូតដល់ព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ ទើបលោក ស៊ុំ វណ្ណា ប្រកាសអំពីដំណឹងមរណភាពរបស់កីឡាករ នុប តុលា តែម្ដង ។
បើតាមការបញ្ជាក់របស់ភរិយាកីឡាករ នុប តុលា កំឡុងពេលស្វែងរកស្វាមី បានឲ្យដឹងថា ការប្រកាសលាក្រុមគ្រួសារនេះ អាចដោយសារបញ្ហាបំណុលលេងល្បែងភ្នាក់បាល់ និងល្បែងអនឡាញ ម្ដងជាពីរដង ។ ការណ៍នេះ ទើបគេដាក់ការសង្ស័យថា តុលា បានបញ្ចប់ជីវិត ដែលធ្វើឲ្យមហាគ្រួសារបាល់ទាត់ជាតិ និងអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង ។
យ៉ាងណាមិញក្រោយទទួលដំណឹងមរណភាពខាងលើ ទាំងស្ថាប័នកីឡា ក្លិប និងអ្នកគាំទ្របាល់ទាត់ជាតិ បានផ្ញើសារចូលរួមរំលែកទុក្ខ ហើយបានបង្ហាញនូវការសោកស្ដាយផងដែរ ចំពោះការបាត់បង់នូវអតីតកីឡាករជម្រើសជាតិ ដែលធ្លាប់មានស្នាដៃជួយជាតិ និងលើកស្ទួយវិស័យបាល់ទាត់កម្ពុជារូបនេះ ។
គួរដឹងថា នុប តុលា បានផ្ដើមអាជីពបាល់ទាត់ជាមួយក្លិបព្រះខ័នរាជស្វាយរៀង ពីឆ្នាំ២០១៣-២០២០ មុនផ្ទេរទៅលេងឲ្យក្លិបណាហ្គាវើលដ៏ គិរីវង់សុខសែនជ័យ និងក្រសួងមហាផ្ទៃ ។ ចំពោះជម្រើសជាតិវិញ រូបគេបានលេងឲ្យក្រុមយុវជន និងក្រុមធំ នៃក្រុមជម្រើសជាតិកម្ពុជា តាំងពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៧ ៕