(បរទេស)៖ កីឡាការិនីប្រដាល់សកល Lauren Price នឹងឡើងការពារខ្សែក្រវាត់ IBO, WBA និង Ring Magazine ជាលើកដំបូង នៅពេលពើបប្រទះគូប្រជែងមកពីកូឡុំប៊ី គឺនាង Bexcy Mateus នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាការិនីអន្តរជាតិវ៉េល វ័យ ៣០ឆ្នាំ ជាជើងខ្លាំងមួយរូបដែលឡើងសង្វៀន ៧លើកមិនចាញ់ឡើយ ដ្បិតធ្លាប់ផ្តួលដៃគូឱ្យសន្លប់បានតែ ១លើកក្តី ដោយត្រូវជួបគូប្រជែងមិនចាញ់ដូចគ្នា និងធ្លាប់ផ្តួលដៃគូឱ្យសន្លប់នៅលើសង្វៀនបាន ៦ដងផងដែរ ក្នុងចំណោមជ័យជម្នះ ៧ប្រកួតចុងក្រោយនេះ។

គូខ្សែក្រវាត់នេះដែរ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលតាំងពិព័រណ៍ស្ថិតក្នុងទីក្រុង Liverpool ប្រទេសអង់គ្លេស ដែលអ្នកទាំងពីរមានវ័យប្រហាក់ប្រហែលគ្នាទៀតផង។

Price បានក្លាយជាកីឡាការិនីប្រដាល់អាជីពដំបូងគេរបស់ប្រទេសវ៉េល ដែលបានគ្រប់គ្រងខ្សែក្រវាត់ពិភពលោកជំនាន់ទី១៤ ដែលទើបដណ្តើមបានកាលពីខែឧសភា ឆ្នាំ២០២៤ ក្រោយពេលផ្តួលម្ចាស់ខ្សែក្រវាត់ Jessica McCaskill ដែលនាងទើបប្រកួតបាន ៧លើកតែប៉ុណ្ណោះ ក្នុងនាមម្ចាស់មេដាយមាសអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០៕