(ភ្នំពេញ)៖ កីឡាករ-កីឡាការិនីប្រដាល់គុនខ្មែរឆ្នើមៗ ៨រូប នឹងត្រូវចេញទៅចូលរួមការប្រកួតជើងឯកគុនខ្មែរអន្ដរជាតិកម្ពុជា-ក្រិក ឆ្នាំ២០២៤ នៅកោះ Crete ប្រទេសក្រិក ដែលជាប្រទេសដើមកំណើតព្រឹត្តិការណ៍កីឡាអូឡាំពិក នាថ្ងៃទី២៤ ខែវិច្ឆិកាចុងសប្ដាហ៍នេះ ដែលដឹកនាំផ្ទាល់ដោយលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
អ្នកលេងគុនខ្មែរ ដែលសហព័ន្ធជ្រើសរើសបញ្ជួនទៅប្រកួតខាងលើ រួមមានកីឡាករ ឡុង សុវណ្ណឌឿន, ធន់ រិទ្ធី, គឹម វាសនា, លន បញ្ញា, គង់ សំបូរ, ស៊ន រ៉ាគីម, ធន់ ស៊ីហុង និងកីឡាការិនី ធន់ ស្រីពេញ ដែលត្រូវជួបប្រកួតជាមួយកីឡាករ-កីឡាការិនីរបស់ម្ចាស់ផ្ទះក្រិក ដើម្បីដណ្ដើមខ្សែក្រវាត់ចំនួន ៥គូ និងដណ្ដើមពានចំនួន ៣គូ។
លោក ខូវ ឆាយ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនចាកចេញពីមាតុភូមិ កាលពីល្ងាចថ្ងៃអង្គារថា នេះគឺជាបេសកកម្មដ៏វិសេសវិសាល ដែលលើសពីការប្រកួតប្រជែង គឺដើម្បីជំរុញការផ្សព្វផ្សាយនូវសិល្បៈក្បាច់គុនវប្បធម៌ខ្មែរ ដល់ប្រជាជនក្រិក និងបណ្ដាប្រទេសអឺរ៉ុប បានស្គាល់កាន់តែច្បាស់អំពីមរតកក្បាច់គុនបុរាណខ្មែរនេះ។
លោកថា «បេសកកម្មយើងលើកនេះ គឺជាបេសកកម្មដ៏វិសេសវិសាលមួយ ដែលយើងទៅមិនត្រឹមចូលរួមប្រកួតទេ តែយើងទៅបង្ហាញឲ្យពិភពលោកឃើញពីសិល្បៈក្បាច់គុនបុរាណខ្មែរ និងផ្សព្វផ្សាយឲ្យគេទទួលស្គាល់ ស្ញប់ស្ញែង ហើយងាកមកចូលរួមគាំទ្រនូវគុនខ្មែរ ហ្វឹកហាត់ ក៏ដូចជាបង្កើតក្លិប និងបង្កើតសហព័ន្ធនានា នៅបណ្ដាប្រទេសអឺរ៉ុប ដើម្បីឲ្យគុនខ្មែរយើង ត្រូវបានទទួលស្គាល់គ្រប់ប្រទេសលើពិភពលោក ស្របតាមគោលដៅរបស់យើង ដែលកំពុងជំរុញឲ្យគុនខ្មែរ ចូលក្នុងកីឡាអូឡាំពិកនាថ្ងៃអនាគត។
ប្រធានសហព័ន្ធដដែលមានសុទិដ្ឋិនិយមទៀតថា «ខ្ញុំសង្ឃឹម និងជឿជាក់ថា កីឡាករ-កីឡាការិនីរបស់យើង ដែលសហព័ន្ធបានជ្រើសរើសទៅនេះ នឹងបញ្ចេញឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើម៉េចប្រកួតប្រជែងជាមួយនឹងជាមួយកីឡាករបរទេសឲ្យមានភាពស្វិតស្វាញ និងទាក់ទាញ ដើម្បីបង្ហាញអំពីសិល្បៈក្បាច់គុនបុរាណខ្មែរ ដែលធ្វើឲ្យបរទេសគ្រប់រូបចង់ហ្វឹកហាត់ និងចង់ចូលរួមជាមួយយើង ហើយក៏ចូលរួមផ្សព្វផ្សាយក្បាច់គុនខ្មែរ ទៅលើពិភពលោកផងដែរ»។
គួរដឹងថា បេសកកម្មទ្រង់ទ្រាយធំរបស់កីឡាគុនខ្មែរ លើទឹកដីក្រិកនេះ រៀបចំឡើងក្រោមកិច្ចសហការរវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡា Asian Sports របស់ក្រិក ដែលបានចុះ MOU ជាមួយគ្នា តាំងពីឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយសិល្បៈក្បាច់គុនបុរាណគ្នាទៅវិញទៅមក ក្នុងនាមប្រទេស ដែលមានក្បាច់គុនចំណាសដូចគ្នា។ ក្រៅពីការបញ្ជូនកីឡាករ-កីឡាការិនីទៅប្រកួត សហព័ន្ធក៏រៀបចំក្រុមភ្លេងខ្មែរ ទៅប្រគំកំដការប្រកួត និងផ្ដល់ឲ្យជនបរទេស បានស្គាល់ និងស្ដាប់កម្សាន្ដ កំឡុងការប្រកួតខាងលើផងដែរ៕