(ភ្នំពេញ)៖ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank), វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ (PRI) នៃក្រសួងហិរញ្ញវត្ថុជប៉ុន និងអង្គភាពអាជីវកម្មខ្នាតតូច នៃសាជីវកម្មហិរញ្ញវត្ថុជប៉ុន (JFC-Micro) បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «វិធីសាស្ត្រ នៃការត្រួតពិនិត្យឥណទាន» ដល់ថ្នាក់គ្រប់គ្រង នាយកសាខា បុគ្គលិក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ប្រមាណជា៣៣នាក់។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងនាថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងគោលបំណងស្វែងយល់ពីគន្លឹះ និងវិធីសាស្ត្រ ក្នុងការវិភាគឥណទាន ប្រកបដោយប្រសិទ្ធភាព និងកាលានុវត្តភាព ដើម្បីរួមចំណែកជំរុញការផ្តល់ហិរញ្ញប្បទាន​ជូនដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា។

ថ្លែងនាឱកាសនោះលោក Hidetaka Tabata, នាយកគ្រប់គ្រងនៃ International Cooperation Division of PRI បានបញ្ជាក់ឲ្យដឹងថា ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម គឺជាតួនាទីដ៏សំខាន់​មួយ សម្រាប់ស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋាភិបាល ហើយ JFC-Micro គឺជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេ ដែលបានកំពុងដើរតួនាទីនេះ ជាមួយនឹងបទពិសោធន៍ជាង ៧៥ឆ្នាំ ក្នុងការផ្តល់នូវហិរញ្ញប្បទាន​ដល់សហគ្រាសធុនតូច និងមធ្យម នៅប្រទេសជប៉ុន។ យើងសង្ឃឹមថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបាននូវចំណេះដឹង និងខ្លឹមសារសំខាន់ៗ ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព នៅកម្ពុជា។

នាឱកាសនោះដែរលោកបណ្ឌិត លឹម អូន អគ្គនាយកនៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានបញ្ជាក់ឲ្យដឹងដែរថា សហគ្រាសធុនតូច និងមធ្យម គឺជាកត្តាជំរុញដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ដែលជាហេតុធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជាផ្តួចផ្តើម និងបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា នេះឡើង ដើម្បីឆ្លើយតបតម្រូវការហិរញ្ញវត្ថុសម្រាប់សហគ្រាសគោលដៅ។ ដើម្បីសម្រេចបាននូវទិសដៅនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានផ្តោតលើការអភិវឌ្ឍផលិតផល, គុណភាពសេវាកម្ម, បណ្តាញចែកចាយ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស។

លោកបណ្ឌិត លឹម អូន ក៏បានបង្ហាញក្តីសោមនស្សរីករាយ និងសម្តែងការអរគុណចំពោះការគាំទ្រពី PRI និង JFC-Micro ក្នុងការចូលរួមចែករំលែកបទពិសោធន៍ និងការអភិវឌ្ឍចំណេះជំនាញ ដល់ថ្នាក់គ្រប់គ្រង និងបុគ្គលិកនៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងពង្រឹងបន្ថែមទៀតនូវការគាំទ្រផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរឡើងដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា លទ្ធផលប្រកបដោយផ្លែផ្កាពីវគ្គបណ្តុះបណ្តាលនាពេលកន្លងមក គឺជាសក្ខីភាពបង្ហាញពីចក្ខុវិស័យរួម ក្នុងការគាំទ្រដល់បរិយាកាសធុរកិច្ច និងការអនុវត្តតាមស្មារតី​នៃអនុស្សរណៈ​នៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រទេសកម្ពុជា, តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា, និងក្រសួងហិរញ្ញវត្ថុជប៉ុន តាមរយៈ PRI និង JFC-Micro ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣កន្លងមកផងដែរ៕