(ភ្នំពេញ)៖ ធនាគារ វីង បានឧបត្ថម្ភព្រឹត្តិការណ៍ធំៗចំនួនពីរនៅទីក្រុងភ្នំពេញ និងសៀមរាប ដើម្បីរួមចំណែកផ្សារភ្ជាប់យុវជនជាមួយវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីខ្មែរ ក្នុងកំឡុងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក។

ព្រះរាជពិធីបុណ្យអុំទូក គឺជាព្រឹត្តិការណ៍វប្បធម៌ជាតិដ៏សំខាន់បំផុតមួយរបស់ប្រទេសកម្ពុជា ដោយត្រូវបានរៀបចំប្រារព្ធធ្វើឡើងនៅចុងបញ្ចប់រដូវវស្សា ស្របពេលដែលបាតុភូតធម្មជាតិដ៏អសា្ចរ្យកើតឡើងនោះ គឺទឹកបឹងទន្លេសាបហូរត្រឡប់ចូលទៅក្នុងទន្លេមេគង្គវិញ។ ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះត្រូវបានរៀបចំធ្វើឡើង ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា មានអ្នកចូលរួមទស្សនាជាង ៦លាននាក់នៅរាជធានីភ្នំពេញ ខណៈដែលសៀមរាបមានអ្នកចូលរួមប្រហែល ៣៥ម៉ឺននាក់ ដែលបង្ហាញពីមោទនភាពជាតិ ក៏ដូចជាស្មារតីសាមគ្គីនៃភាតរភាពជាតិខ្មែរ។

ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក ពិតជាមានមោទនភាព ដែលបានដើរតួនាទីដ៏សំខាន់នៅក្នុងការរួមចំណែក ប្រារព្ធព្រះរាជពិធីបុណ្យអុំទូកក្នុងឆ្នាំនេះ ដោយបានផ្តល់ការឧបត្ថម្ភធំចំនួនពីរទាំងនៅភ្នំពេញ និងខេត្តសៀមរាប។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ធនាគារ វីង ក្នុងការរួមចំណែករៀបចំប្រារព្ធ ព្រះរាជពិធីបុណ្យអុំទូកនេះឡើង ដែលជាព្រឹត្តិការណ៍មួយមិនគ្រាន់តែផ្សព្វផ្សាយ នូវសម្បត្តិវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏បង្ហាញនូវការរឹតចំណងសាមគ្គីភាព និងស្មារតីរួបរួមដ៏រឹងមាំនៅក្នុងសហគមន៍ថែមទៀតផង។

លោក ហោ ប៊ុនថែ លើកឡើងថា «យើងខ្ញុំតាំងចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រនូវគំនិតផ្តួចផ្តើមដែលញុំាងនូវបរិយាកាសជួបជុំ ក៏ដូចជាផ្សព្វផ្សាយពីសារៈសំខាន់ នៃទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ»

ធនាគារ វីង ក៏បានសហការរៀបចំពិធីជួបជុំដ៏សប្បាយរីករាយ នៅឯសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ស្ថិតនៅចំកណ្តាលនៃរាជធានីភ្នំពេញនាថ្ងៃទី១៥ ខែវិច្ឆិកា ដែលឃើញមានយុវជនដ៏ច្រើនកុះករ បានចូលរួមនៅក្នុងកម្មវិធីវប្បធម៌ដ៏សំខាន់មួយនេះ។ កម្មវិធីដែលមានរយៈពេលពេញមួយថ្ងៃនេះ បានច្របាច់បញ្ចូលគ្នារវាងវប្បធម៌ និងការកម្សាន្តនានា ដោយរៀបចំឲ្យមាននូវពិធីប្រពៃណីសំខាន់ៗ អំពីពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក។ សកម្មភាពទាំងនេះ មិនត្រឹមតែជាការរៀបចំនូវពិធីបុណ្យនោះទេ តែក៏បានផ្តល់នូវឱកាសសម្រាប់ការចែករំលែកចំណេះដឹង ដែលអ្នកចូលរួមអាចស្វែងយល់កាន់តែស៊ីជម្រៅ ពីទំនៀមទម្លាប់វប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាថែមទៀតផង។ សកម្មភាពនៅក្នុងពិធីនេះរួមមាន ការសម្តែងតន្រ្តីមហោរី ពិធីសំពះព្រះខែតាមប្រពៃណី ការប្រគំតន្ត្រីសម័យ និងសកម្មភាពជាទីចាប់អារម្មណ៍ជាច្រើនផ្សេងទៀត ដើម្បីផ្តល់ភាពរីករាយទៅដល់អ្នកចូលរួម។

ជាមួយគ្នានេះដែរ នៅកណ្តាលនៃរាជធានីភ្នំពេញ ក៏មានការរៀបចំការប្រណាំងទូក ការសម្តែងរបាំប្រពៃណី និងតន្រ្តីសម័យនានា។ នាពេលរាត្រី មាត់ទន្លេមានការផ្លាស់ប្តូរទិដ្ឋភាព ជាមួយពន្លឺក្បួនប្រទីបដ៏ស្រស់ស្អាតនៅលើផ្ទៃទឹកដ៏ធំល្វឹងល្វើយ អមដោយការបាញ់កាំជ្រួចដែលមានពន្លឺចិញ្ចែងចិញ្ចាច ហោះខ្ពស់អណ្តែតនៅលើវេហា។

នៅសៀមរាបឯណោះវិញ ធនាគារ វីង ក៏បានសហការជាមួយអាជ្ញាធរដែនដី ដើម្បីចូលរួមរៀបចំសកម្មភាពផ្សេងៗជាច្រើន នៅតាមមាត់ស្ទឹងដ៏អ៊ូអរ។ សកម្មភាពទាំងនោះមានដូចជា ការប្រគំតន្រ្តីខ្នាតតូច រួមជាមួយការសម្តែងរបាំប្រពៃណី ស្តង់លក់ផលិតផល និងល្បែងកម្សាន្តនានា ដោយមានការបាញ់កាំជ្រួចដ៏ស្រស់ស្អាតថែមទៀតផង។ អ្នកចូលរួមក៏អាចរីករាយទស្សនាកម្សាន្តការប្រណាំងទូក ដែលមានអ្នកចូលរួមប្រណាំង មកពីទូទាំងប្រទេសកម្ពុជាបានប្រកួតប្រជែង នៅលើទូកវែងចម្រុះពណ៌ដោយបានបង្ហាញពីវប្បធម៌ជាតិ និងស្មារតីសាមគ្គីជាក្រុម។ ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធឡើងចំថ្ងៃពេញបូណ៍មី ដែលរាប់តាមប្រតិទិននៃឆ្នាំចន្ទគតិ ជាពេលវេលាដែលដំណាំស្រូវត្រៀមប្រមូលផល។ ជាផ្នែកមួយនៃអាហារប្រចាំថ្ងៃនៅក្នុងប្រទេសកម្ពុជា ស្រូវមានតួនាទីដ៏សំខាន់សម្រាប់ការរៀបតង្វាយនាថ្ងៃទី២ នៅក្នុងពិធីបុណ្យនេះ ដោយរួមមានទឹកដូង ចេកទុំ និងអំបុកជាដើម។ ថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូកគឺជាពេលវេលាដ៏សំខាន់ ជាមួយនឹងការរៀបចំពិធីកាត់ខ្សែព្រ័ត្រ ដើម្បីបិទបញ្ចប់ពិធីបុណ្យអុំទូក។ ការប្រណាំងទូកឆ្នំានេះនៅភ្នំពេញ ជ័យជម្នះបានទៅលើទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» បន្ទាប់ពីចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក អស់រយៈពេល ២២ឆ្នាំមកនេះ។

តាមរយៈការចូលរួមផ្តល់ឧបត្ថម្ភទំាងនេះ ធនាគារ វីង បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីប្រារព្ធ ក៏ដូចជាថែរក្សាសម្បត្តិវប្បធម៌ជាតិនៃកម្ពុជា។ តាមរយៈការគាំទ្រដល់ការរីកចម្រើន និងការអប់រំរបស់យុវជនកម្ពុជា ការពង្រឹងឯកភាពជាតិ និងលើកកម្ពស់មោទនភាពវប្បធម៌ ធនាគារ វីង មិនត្រឹមតែជាគ្រឹះស្ថានឈានមុខគេ របស់កម្ពុជាប៉ុណ្ណោះទេ តែក៏រួមចំណែកគាំទ្រវប្បធម៌ខ្មែរ ដែលភ្ជាប់ទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយប្រជាជន និងទំនៀមទម្លាប់ប្រពៃណីផងដែរ៕