(បរទេស)៖ ទីភ្នាក់ងារព័ត៌មានឥណ្ឌា ANI បានប្តឹងក្រុមហ៊ុន OpenAI ទៅតុលាការក្រុង New Delhi ដោយចោទប្រកាន់ក្រុមហ៊ុនបង្កើត ChatGPT នេះថាបានប្រើប្រាស់មាតិការបស់ខ្លួនដោយគ្មានការអនុញ្ញាត ដើម្បីជួយបណ្តុះបណ្តាល chatbot បញ្ញាសិប្បនិម្មិត AI ហើយនេះជាអ្វីដែល OpenAI ផ្ទាល់និយាយថាខ្លួនបានឈប់ធ្វើហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។
ANI ត្រូវបានគេដឹងថា គឺជាស្ថាប័នព័ត៌មានចុងក្រោយបំផុតនៅលើពិភពលោក ដែលប្តឹងក្រុមហ៊ុន OpenAI ទៅកាន់តុលាការ បន្ទាប់ពីមានបណ្តឹងនៅសហរដ្ឋអាមេរិករបស់កាសែតមួយចំនួនរួមទាំង New York Times និង Chicago Tribune ជាដើម។ សវនាការលើកដំបូងនៅក្នុងសំណុំរឿងនេះ គឺធ្វើឡើងនៅក្នុងតុលាការជាន់ខ្ពស់ទីក្រុងញូវដែលីនៅថ្ងៃអង្គារសប្តាហ៍នេះ ដែលចៅក្រមបានចេញសេចក្តីជូនដំណឹងទៅកាន់ OpenAI ដើម្បីផ្តល់ការឆ្លើយតបយ៉ាងលម្អិតចំពោះការចោទប្រកាន់របស់ ANI ។ ANI ក៏បានចោទប្រកាន់ ChatGPT របស់ OpenAI ពីបទបង្ហាញព័ត៌មានប្រឌិតចំពោះការបោះពុម្ពផ្សាយ។
យ៉ាងណាមិញ ជុំវិញការប្តឹងផ្តល់នេះ អ្នកនាំពាក្យរបស់ OpenAI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងបង្កើតគំរូ AI របស់យើង ដោយប្រើទិន្នន័យដែលមានជាសាធារណៈ ក្នុងលក្ខណៈដែលត្រូវបានការពារដោយការប្រើប្រាស់ដោយយុត្តិធម៌ និងគោលការណ៍ពាក់ព័ន្ធ ហើយត្រូវបានគាំទ្រដោយច្បាប់ដែលមានរយៈពេលយូរ និងទទួលយកយ៉ាងទូលំទូលាយ»។
គួរជម្រាបថា OpenAI និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀត បានប្រឈមមុខនឹងការប្តឹងផ្តល់ដោយអ្នកនិពន្ធ សិល្បករ ពីបទកេងប្រវ័ញ្ចការងាររបស់ពួកគេដោយគ្មានការអនុញ្ញាត។ តែយ៉ាងណា OpenAI បានបដិសេធចំពោះការចោទប្រកាន់ដែលថា ខ្លួនបានរំលោភសិទ្ធិអ្នកនិពន្ធ។ ANI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមានការព្រួយបារម្ភអំពីការប្រកួតប្រជែងមិនយុត្តិធម៌ ដោយសារតែ OpenAI មានដៃគូពាណិជ្ជកម្មជាមួយស្ថាប័នព័ត៌មានផ្សេងទៀត ដើម្បីចែកចាយមាតិការបស់ពួកគេ៕