(ភ្នំពេញ)៖ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) មានកិត្តិយសសូមជម្រាបជូនសាធារណជន អំពីការបន្ថែមវត្ថុដ៏សំខាន់មួយទៀត នៃប្រវត្តិសិល្បៈខ្មែរ ទៅក្នុងសមុច្ច័យរបស់សារមន្ទីរ។
រូបគំនូររបស់វិចិត្រករខ្មែរដ៏ល្បីឈ្មោះមួយរូប គឺលោក ញឹក ឌឹម ត្រូវបានប្រគល់ជូនសារមន្ទីរ កាលពីថ្ងៃទី២៨ ខែតុលា នៅសាខាធនាគារជាតិនៃកម្ពុជា ខេត្តសៀមរាប ដោយអ្នកសិក្សាជនជាតិអូស្ត្រាលីដ៏ល្បីល្បាញ និងជាអតីតអ្នកការទូតមួយរូប គឺលោកបណ្ឌិត Milton Osborne។
ស្នាដៃសិល្បៈដ៏កម្រ ដែលពណ៌នាពីទេសភាពជនបទសុទ្ធសាធរបស់កម្ពុជា គឺជារូបគំនូរទីពីរ របស់លោក ញឹក ឌឹម ដែលត្រូវបានបញ្ចូលទៅក្នុងសមុច្ច័យរបស់សារមន្ទីរ បន្ទាប់ពីការបរិច្ចាគ ដ៏សប្បុរសរបស់គ្រួសារ Merrillees កាលពីដើមឆ្នាំកន្លងទៅនេះ។
ការបរិច្ចាគ របស់លោកបណ្ឌិត Milton Osborne ដែលជាអ្នកនិពន្ធដ៏ឆ្នើមមួយរូប ដែលសិក្សាស្រាវជ្រាវអំពីអាស៊ី គូសបញ្ជាក់បន្ថែមពីទំនាក់ទំនងពិសេស របស់លោកជាមួយប្រទេសកម្ពុជា ដែលបានចាប់ផ្តើមដោយបេសកកម្មការទូតអូស្ត្រាលីរបស់លោក មកកាន់ទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៥៩។
ការណ៍ដែលលោកបណ្ឌិត Milton Osborne បានប្រគល់ផ្ទាំងគំនូរដ៏មានតម្លៃនេះជូនសារមន្ទីរ ស.ស.រ «គឺជាការឆ្លុះបញ្ចាំងពីការស្ងើចសរសើរ របស់លោកចំពោះប្រជាជនកម្ពុជាជាយូរមកហើយ និងជាការទទួលស្គាល់លើការរួមចំណែកដ៏សំខាន់របស់វិចិត្រករ ញឹក ឌឹម ដល់វប្បធម៌ខ្មែរ»។
លោក ប្លែស គីលីយ៉ង់ សហប្រធាន សារមន្ទីរ ស.ស.រ បានសម្តែងការដឹងគុណចំពោះការបរិច្ចាគដ៏មានតម្លៃនេះ ដោយលោកបានថ្លែងថា «ខ្ញុំសូមអរគុណលោកបណ្ឌិត Milton Osborne សម្រាប់ការបរិច្ចាគដ៏សំខាន់របស់លោកដល់សារមន្ទីរ ស.ស.រ។ រូបដែលគូរដោយវិចិត្រករខ្មែរដ៏ល្បីឈ្មោះ គឺលោក ញឹក ឌឹមម នេះនឹងត្រូវបានកត់ត្រាទុក ក្នុងបញ្ជីសារពើភ័ណ្ឌរបស់សារមន្ទីរ សម្រាប់ការអភិរក្ស នឹងដាក់តាំងពិព័រណ៍នាពេលអនាគត»។
ស្នាដៃរបស់លោក ញឹក ឌឹម គឺជាការឆ្លុះបញ្ចាំងពីទិដ្ឋភាពសិល្បៈដ៏រស់រវើកក្នុងអំឡុងពេលរវាង ក្រោយសម័យឯករាជ្យ និងមុនពេលអ្វីៗ ត្រូវបានបំផ្លាញដោយសង្រ្គាម និងក្នុងរបបប៉ុលពត។ សារមន្ទីរ ស.ស.រ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបរិច្ចាគនេះ ដែលឆ្លើយតបទៅនឹងបេសកកម្មរបស់ខ្លួន ក្នុងការលើកកម្ពស់ ការយល់ដឹងអំពីអតីតកាលដែលជាប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់កម្ពុជា៕