(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបន្ដលើកទឹកចិត្ត ដល់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ឲ្យបន្ដប្រកាន់យកនូវស្មារតីភាពជាដៃគូរដ៏ល្អ ជាមួយរាជរដ្ឋាភិបាល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។

ក្នុងនោះលោកវេជ្ជបណ្ឌិតបានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លោកបានបន្ដថា ការគិតគូររៀបចំយុទ្ធសាស្រ្ដនេះ បានផ្ដោតលើអាទិភាពគន្លឹះចំនួន៥ ក្នុងទម្រង់យុទ្ធសាស្រ្ដបញ្ចកោណមុំទី៣ នៃបញ្ចកោណទី១ ស្ដីពីការភិវឌ្ឍវិស័យឯកជន និងការងារ ដែលបានរំលេចយ៉ាងច្បាស់ពីភាពចាំបាច់ ក្នុងការពង្រឹងភាពជាដៃគូ ក្នុងវិស័យសាធារណៈ និងឯកជន ដែលជាគោលដៅយុទ្ធសាស្រ្ដ គឺការបន្ដពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលជាយន្ដការមិនអាចខ្វះបាន និងមានប្រសិទ្ធភាពក្នុងការគាំទ្រពិពិធកម្ម និងកំណើន។

ការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា ធ្វើឡើងក្នុងឱកាសលោកអញ្ជើញចូលរួម ក្នុងពិធីជប់លៀងអបអរសាទរគម្រប់ខួប១០ ឆ្នាំ របស់មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោកវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា បានថ្លែងឲ្យឹងថា ការរៀបចំអបអរសាទរខួប ១០ឆ្នាំរបស់មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ បានបង្ហាញពីសក្ខីភាពនៃការយកចិត្ដទុកដាក់ និងផ្ដល់តម្លៃជាវិជ្ជមាន និងឆន្ទៈដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងភាពជាដៃគូរឹងមាំរវាងរដ្ឋ និងវិស័យឯកជនប្រកបដោយ ភាពជឿជាក់ស្មោះត្រង់ ដើម្បីអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្ដិទី៧នៃរដ្ឋសភា ក៏ដូចជារាជរដ្ឋាភិបាលអាណត្ដិមុនៗ បានយកចិត្ដទុកដាក់ និងផ្ដល់អាទិភាពខ្ពស់ លើវិស័យសុខាភិបាល ក្នុងនោះការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ត្រូវបានរំលេចយ៉ាងច្បាស់ក្នុងមុំទី៣ នៃបញ្ចកោណទី១ គឺការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ដែលមានគោលដៅជាយុទ្ធសាស្រ្ដ ក្នុងការកាត់បន្ថយអត្រាស្លាប់ និងអត្រាឈឺ បណ្ដាលមកពីជំងឺមិនឆ្លងបម្បងៗ ការបន្ដលើកកម្ពស់សុខភាពបន្ដពូជ សុខភាពទារក កុមារ និងមាតា ការពង្រឹងសមត្ថភាពស្ថាប័នក្នុងការដឹកនាំបរិវត្ដកម្ម និងអភិបាលកិច្ច ក្នុងវិស័យសុខាភិបាល ការបន្ដលើកកម្ពស់គុណភាព និងសមត្ថភាពធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងថែទាំជំងឺ ការបន្ដពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈសុខាភិបាល ការលើកកម្ពស់សមត្ថភាពជំនាញ ការលើកកម្ពស់កិច្ចសហការរវាងក្រសួង ស្ថាប័ន ដៃគូពាក់ព័ន្ធ និងការចូលរួមរបស់ប្រជាជនតាមសហគមន៍។

លោកសាស្ត្រាចារ្យ Attapoom Susupaus នាយកមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ បានថ្លែងថា ក្រោមចក្ខុវិស័យរួមឆ្លុះបញ្ចាំងពីដំណើរការ របស់មន្ទីរពេទ្យបានចាប់ផ្តើមនៅឆ្នាំ២០១៤ ជាមួយនឹងបុគ្គលិកតិចជាង ១០០នាក់ ហើយបានចូលរួមជាមួយអ្នកជំងឺតិចជាង ៤០ ០០០ នាក់ក្នុងមួយឆ្នាំ។

លោកសាស្រ្ដាចារ្យបញ្ជាក់ថា បច្ចុប្បន្នយើងអាចនិយាយដោយមោទនភាពថា ឥឡូវនេះយើងរីកចម្រើន ដោយមានបុគ្គលិកសរុបជាង ៣៨៦នាក់ ហើយបានព្យាបាលអ្នកជំងឺជាង ៨០០០០នាក់ រៀងរាល់ឆ្នាំ ហើយនេះជាសក្ខីភាពមួយ ចំពោះការប្តេជ្ញាចិត្តឥតងាករេ ចំពោះឧត្តមភាពនៃការថែទាំសុខភាព៕