(បរទេស)៖ កាលពីខែមុន រដ្ឋាភិបាលឥណ្ឌូនេស៉ី បានចេញការរឹតបន្តឹងដោយហាមឃាត់ក្រុមហ៊ុន Apple មិនឲ្យដាក់លក់ iPhone 16 ក្នុងប្រទេសរបស់ខ្លួនឡើយ ដោយសារមិនបានបំពេញតាមច្បាប់របស់ប្រទេស ស្តីពីការប្រើប្រាស់សមាសធាតុផលិតក្នុងស្រុក។ យ៉ាងណាមិញ នៅពេលនេះក្រុមហ៊ុន Apple ស្រាប់តែបង្កើនចំនួនទឹកប្រាក់ដល់ ១០០លានដុល្លារអាមេរិក ជាការបណ្តាក់ទុនគុណនឹង១០ដង ដើម្បីជាការប៉ះប៉ូវផ្លូវចិត្តរដ្ឋាភិបាលឥណ្ឌូនេស៊ី ឱ្យលុបចោលការហាមឃាត់ការលក់ iPhone 16 ក្នុងប្រទេសនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន GSM Arena។
កាលពីដើមខែនេះ Apple បានសន្យាថានឹងវិនិយោគប្រហែល១០លានដុល្លារ នៅក្នុងប្រទេសឥណ្ឌូនេស៊ីទៅរោងចក្រថ្មីមួយ ដើម្បីគេចផុតពីការហាមឃាត់ ហើយនៅពេលនេះក្រុមហ៊ុនបានបង្កើនចំនួនទឹកប្រាក់វិនិយោគ ដែលជាចំនួនដប់ដងនៃចំនួនមុន លើរោងចក្រផលិតគ្រឿងបន្លាស់ នាក្នុងទីក្រុង Bandung ស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងហ្សាកាតា។ ទឹកប្រាក់ ១០០លានដុល្លារនេះ នឹងត្រូវវិនិយោគនៅក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងរយៈពេល២ឆ្នាំ។ នេះបើយោងតាមមនុស្សដែលដឹងពីបញ្ហានេះ (ដែលមិនទាន់ត្រូវបានប្រកាសជាសាធារណៈឡើយ)។
គួរជម្រាបថា ទឹកប្រាក់ចំនួន ១០លានដុល្លារដែលបានសន្យាពីមុន គឺទៅរោងចក្រផលិតគ្រឿងបន្លាស់ និងគ្រឿងបន្លាស់នៅក្នុងទីក្រុង Bandung ។ តែយ៉ាងណា គេមិនទាន់មានព័ត៌មានច្បាស់នៅឡើយទេថា ទឹកប្រាក់ចំនួន៩០លានដុល្លារផ្សេងទៀត ដែលផ្តល់ជូននៅពេលនេះនឹងយកទៅវិនិយោគនៃរោងចក្រមួយណាក្នុងប្រទេសឥណ្ឌូនេស៉ី ប៉ុន្តែជាការពិតណាស់ Apple មានជម្រើសជាច្រើន រួមទាំងការស្នើសុំឱ្យដៃគូផលិតរបស់ខ្លួន Foxconn បង្កើតខ្សែដំឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីជាដើម៕