(ឡុងដ៍)៖ លោក Patrick Vieira ត្រូវបានផ្តល់សេចក្តីទុកចិត្តឱ្យដឹកនាំក្លិប Genoa ដែលកំពុងឈរលេខរៀងទី១៧ នៅក្រៅតំបន់កាត់ចេញពីលីគ Serie A ត្រឹមតែ ១ពិន្ទុប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា អតីតគ្រូបង្វឹកក្លិបឥន្រ្ទី Crystal Palace ដែលបានលាឈប់ដឹកនាំ RC Strasbourg នាអំឡុងខែកក្កដា ឆ្នាំ២០២៤ ត្រូវបានជំនួសកៅអីលោក Alberto Gilardino អតីតខ្សែប្រយុទ្ធអ៉ីតាលី ដែលបានកាន់តំណែងធំនេះតាំងពីខែធ្នូ ឆ្នាំ២០២២ មក។

ស្ថិតក្រោមការបង្វឹករបស់លោក Gilardion អតីតតារា World Cup 2006 ជាមួយអ៉ីតាលី Genoa លេងឈ្នះតែ ២លើកគត់ ក្នុងចំណោម ១២ប្រកួតក្នុងលីគនារដូវកាលឆ្នាំ២០២៤-២០២៥ និងបានហាលអាវពីកម្មវិធី Coppa Italia ក្រោមថ្វីជើងរបស់ Sampdoria ដោយបាល់ ១១ម៉ែត្រកាត់សេចក្តីទៀតផង។

ការតែងតាំងគ្រូបង្វឹកសញ្ជាតិបារាំង Vieira នេះដែរ រូបលោកនឹងបន្តជួបជុំជាមួយ Mario Balotelli ដែលទើបចុះកិច្ចសន្យាលេងឱ្យ Genoa កាលពីខែមុន ក្នុងនាមអតីតមិត្តរួមក្រុមកាលលេងនៅ Manchester City, Inter Milan និងចុងក្រោយក្លិប Nice នារដូវកាលឆ្នាំ២០១៨-២០១៩ ថែមទៀតផង៕