(ភ្នំពេញ)៖ ក្រោមកិច្ចសហការរវាងស្ថាប័នបវរកញ្ញាភពផែនដីអន្តរជាតិ ដែលបានបង្កើតឡើងដោយកូនខ្មែរ ជាមួយនឹងក្រសួងទេសចរណ៍ កម្ពុជាបានរៀបចំកម្មវិធីបង្ហាញសម្រស់មួយដ៏អស្ចារ្យ គឺកម្មវិធីបវរកញ្ញាឯក​ភពផែនដីអន្តរជាតិឆ្នាំ២០២៤(Miss Planet International 2024)​ ជាលើកទី៤ ដែលបានចាប់ផ្តើមពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីចូលរួមជួយផ្សព្វផ្សាយពីតំបន់អរិយធម៍ វប្បធម៍ ប្រពៃណី និងតំបន់ទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក។

ជាក់ស្តែងគិតត្រឹមល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បេក្ខភាពប្រកួតបវរកញ្ញាឯកភពផែនដីអន្តរជាតិ​ ឆ្នាំ២០២៤ ទាំង ៦៨ប្រទេស បានមកដល់កម្ពុជាហើយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី Halley Amin ប្រធានស្ថាប័ន​ Miss Planet International ។

លោកស្រី Halley Amin បានបន្ថែមថា បវរកញ្ញាទាំង ៦៨ប្រទេស នៅថ្ងៃទី២១ ខែវិច្ឆិកា ស្អែកនេះនឹងទៅទស្សនកិច្ចនៅវិមានឈ្នះឈ្នះ និងពហុកីឡដ្ឋានមរតតេជោ, នៅថ្ងៃទី២២ និងធ្វើដំណើរទៅ​កាន់ខេត្តសៀមរាប ដើម្បីរៀបចំកម្មវិធីពាក់ព័ន្ធនឹងបរិស្ថាន, នៅថ្ងៃទី២៤ ធ្វើដំណើរទៅទស្សកិច្ចនៅប្រាសាទអង្គរវត្ត ជាមួយគ្នានោះបវរកញ្ញាទាំងអស់ក៏នឹងចូលរួមដាំកូនត្នោតប្រមាណ ២ពាន់ដើមផងដែរ។

សូមបញ្ជាក់ដែរថា បវរកញ្ញាឯកភពផែនដីឆ្នាំ២០២៤ ទាំង ៦៨ប្រទេសមានមកពីប្រទេសដូចជា៖ MISS PLANET INTERNATIONAL Cambodia, Australia, Austria, Barbados, Belgium, Brazil, Bulgaria, Cameroon, Canada, Chile, China, Colombia, Costa Rica , Croatia, Denmark, DR Congo, England, Eritrea, France, Georgia, Grenada, Haiti, Iceland, India, Indonesia , Iran , Italy, Jamaica, Japan, Jordan, Kenya, Korea, Liberia, Luxembourg, Malaysia, Mauritius, Mexico, Morocco, Nepal, Netherlands, New Zealand, Nigeria, Pakistan, Paraguay, Philippines , Poland, Portugal, Rwanda, Russia, Senegal, Serbia, Singapore, Somalia, South Africa, Sweden , Switzerland, Tanzania, Thailand, Tunisia, UAE, Ukraine, United Kingdom , USA , Venezuela, Vietnam , Zimbabwe។

គួរបញ្ជាក់ដែរថា Miss Planet International ហៅកាត់ថា MPI គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិប្រចាំឆ្នាំ ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា ដែលបង្កើតឡើងដោយកូនខ្មែរ។ MPI គឺជាស្ថាប័នមួយ ដែលផ្អែកលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (UN) ពោលគឺហេតុផលនេះហើយ ទើបគេបង្កើតកម្មវិធីប្រកួតប្រជែង ដើម្បីស្វែងរកឯកអគ្គរដ្ឋទូត សម្រាប់ប្រទេសនីមួយៗ។ តាំងពីបង្កើតឡើងនៅឆ្នាំ២០១៩ MPI តែងតែត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២១ និង ២០២២ ដោយសារបញ្ហាជំងឺរាតត្បាត៕