(បរទេស)៖ សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានសម្រេចផ្តល់ជ័យជម្នះ ៣-០ ទៅឱ្យក្រុមម្ចាស់ផ្ទះរ៉ូម៉ានី ក្រោយពេលក្រុមកីឡាកររបស់កូសូវ៉ូ បាននាំគ្នាដើរចេញពីទីលានឈប់ប្រកួត ក៏ព្រោះតែការរើសអើងជាតិសាសន៍។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមកីឡាកររបស់ប្រទេសដែនកោះ កូសូវ៉ូ បាននាំគ្នាដើរចេញពីទីលានឈប់ប្រកួតតែម្តង បន្ទាប់ពីទ្រាំមិនបានអំពីចម្រៀងស្រែកច្រៀងបែបឌឺដងជាតិសាសន៍របស់ក្រុមអ្នកគាំទ្រខាងម្ចាស់ផ្ទះរ៉ូម៉ានី នាអំឡុងប្រកួតពានរង្វាន់លីគអឺរ៉ុប UEFA Nations League 2024-2025 កាលពីរាត្រីថ្ងៃសៅរ៍។

ការដើរចេញពីលាននៅអំឡុងប្រកួតវគ្គទី២ ដ្បិតលទ្ធផលកំពុងស្មើគ្នា ០-០ នៅឡើយ ដ្បិតសហព័ន្ធបាល់ទាត់រ៉ូម៉ានី (FRF) បានចេញសេចក្តីថ្លែងការណ៍ថា «ពុំមានករណីស្រែករើសអើងជាតិសាសន៍នាអំឡុងប្រកួតឡើយ»

ក៏ប៉ុន្តែសហព័ន្ធបាល់ទាត់កូសូវ៉ូ (FFK) វិញបានចោទប្រកាន់អ្នកគាំទ្រម្ចាស់ផ្ទះរ៉ូម៉ានីថា «ជាទង្វើប្រមាថ និងបង្កហេតុ រួមទាំងការស្រែកថា កូសូវ៉ូ គឺជាស៊ែប៉ី ថែមទៀតផង»

ទាក់ទិននឹងបញ្ហានេះដែរ UEFA ពុំមានយោបល់អ្វី ក្រៅពីធ្វើទៅតាមវិន័យរបស់ខ្លួន តាមរយៈពិន័យរ៉ូម៉ានីជាទឹកប្រាក់ប្រមាណ ១០៦,០០០ផោន ពីការច្រៀងរំខានរបស់អ្នកគាំទ្រ បង្កប់ន័យសារនយោបាយក្នុងកីឡា។

នៅចាំបានថា ក្រោយពេលសហព័ន្ធយូហ្គោស្លាវីបានដួលរលំនៅឆ្នាំ១៩៩០ កូសូវ៉ូ បានក្លាយដែនអធិបតេយ្យភាពដោយមានជាង ១០០ប្រទេសទទួលស្គាល់ ក្នុងនោះក៏មានបងធំ សហរដ្ឋអាមេរិកផងដែរ លើកលែងតែរ៉ូម៉ានី និងស៊ែប៉ីតែប៉ុណ្ណោះ ហើយកម្មវិធីប្រកួតដែលរៀបចំឡើងដោយ UEFA និង FIFA ឱ្យកូសូវ៉ូ និងស៊ែប៉ី ប៉ះគ្នា ពោលគឺពួកគេតែងតែបដិសេធជានិច្ច៕