(វ៉ាស៊ីនតោន)៖ អតីតកីឡាករក្លិប Chelsea និង Manchester United គឺ Juan Mata បានក្លាយជាសហកម្មសិទ្ធិក្នុងក្លិបាល់ទាត់អាជីពនៅក្របខណ្ឌ Major League Soccer របស់សហរដ្ឋអាមេរិក ក្នុងក្លិប San Diego FC។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា តារាបាល់ទាត់ចាស់វស្សា វ័យ ៣៦ឆ្នាំខាងលើនេះ បានផ្លាស់ទៅលេងឱ្យក្លិប Western Sydney Wanderers ក្នុងលីគ A-League របស់ប្រទេសអូស្រ្តាលីនាអំឡុងខែសីហា ឆ្នាំ២០២៤ មុនក្លាយជាសហកម្មសិទ្ធិ San Diego FC ក្រោយពេលពួកគេបានឈ្នះកៅអី១ ដើម្បីឡើងមកលេងនៅ MLS នាឆ្នាំ២០២៥ ខាងមុខ ក្នុងនាមក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ៣០។

Mata បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «ការចូលរួមជាមួយ San Diego FC ក្នុងនាមជាដៃគូសហការនាពេលនេះ គឺជាឱកាសដ៏វិសេសវិសាលក្នុងការជួយជ្រោមជ្រែងក្លិបប្រចាំទីក្រុង និងលីគយ៉ាងពិតប្រាកដ ជាមួយនឹងបទពិសោធន៍ដ៏មិននឹកស្មាន»

គួររំលឹកផងថា Juan Mata បានឈ្នះពានធំៗចំនួន៦ ក្នុងរយៈពេល ១១ឆ្នាំលេងនៅ Premier League ក្នុងក្លិបតោខៀវ Chelsea និងបិសាចក្រហម Manchester United រួមទាំងពានធំអឺរ៉ុប UEFA Champions League ថែមទៀតផង។ រូបលោកក៏បានរួមចំណែកជួយប្រទេសអេស្ប៉ាញ ឈ្នះជើងឯក World Cup លើកដំបូងជាប្រវត្តិសាស្រ្តកាលឆ្នាំ២០១០ និងពាន Euro 2012 ថែមទៀតផង។

Mata ពុំដែលត្រូវបានគ្រូបង្វឹកកោះហៅចូលជម្រើសជាតិគោជល់ទៀតឡើយ គិតចាប់តាំងពីឆ្នាំ២០១៦ មក ក្រោយពេលលេងបាន ៤១លើករួចមក៕