(បរទេស)៖ ក្រុមហ៊ុន Xiaomi បន្ទាប់ពីប្រកាសចេញលក់រថយន្តអគ្គិសនីប្រភេទ SU7 មក គេសង្កេតឃើញថា ទទួលបានភាពជោគជ័យយ៉ាងខ្លាំង ស្ទើរនឹកស្មានមិនដល់ ត្បិតទទួលបានការបញ្ជារទិញពីអតិថិជនយ៉ាងច្រើនលើសលុប រហូតធ្វើឲ្យអាជីវកម្មរថយន្តអគ្គិសនីរបស់ ក្រុមហ៊ុននេះរកចំណូលបានដល់ ១.៣ ពាន់លានដុល្លារនៅត្រីមាសទី៣ ឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន CNEV Post។

តាមរបាយការណ៍បង្ហាញថា Xiaomi បានចែកចាយរថយន្ត SU7 ចំនួន ៣៩,៧៩០ គ្រឿងនៅចន្លោះខែកក្កដា និងខែកញ្ញា ដែលនាំឱ្យចំនួននៃការចែកចាយសរុបឡើងដល់ ៦៧,១៥៧គ្រឿង ចាប់តាំងពីការចេញលក់នៅថ្ងៃទី២៨ ក្នុងខែមីនា។ រថយន្តអគ្គិសនី SU7 Series មានបីស៊េរី គឺម៉ូដែលស្តង់ដារ SU7, SU7 Pro និង SU7 Max ដែលបានទទួលប្រជាប្រិយភាពយ៉ាងឆាប់រហ័សក្នុងទីផ្សារអគ្គិសនីរបស់ប្រទេសចិន។ តម្លៃលក់ជាមធ្យមរបស់ SU7 ក្នុងត្រីមាសទីបី គឺប្រហែល ២៩,៦០០អឺរ៉ូនៅទីផ្សារក្នុងស្រុក។ ចំនួននៃការលក់បានកើនឡើងប្រមាណ ៤.៤% ធៀបនឹងត្រីមាសទីពីរ ក៏ដោយសារតែការកើនឡើងនៃប្រជាប្រិយភាពនៃម៉ូដែល Pro និង Max។

គួរ​ជម្រាបថា គិតមកទល់ពេលនេះ Xiaomi បាននាំចេញរថយន្ត SU7 Series បានចំនួន ១០០,០០០គ្រឿងហើយ។ បន្ថែមពីនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន Xiaomi ក៏បានយកចិត្តទុកដាក់ខ្លាំងទៅលើការអភិវឌ្ឍន៍ផលិតរថយន្តអគ្គិសនីដែលមានគុណភាពខ្ពស់ និងបច្ចេកវិទ្យាទំនើបងក្នុងតម្លៃប្រកូតប្រជែងខ្ពស់ផងដែរ។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា Xiaomi បានបើកដំណើរការហាងលក់ (Showroom) របស់ខ្លួនបានចំនួន ១២៧ កន្លែងនៅក្នុងទីក្រុងសំខាន់ៗចំនួន ៣៨ នៅទូទាំងចិនដីគោក៕