(បរទេស)៖ ក្រុមហ៊ុន Google ត្រូវបានរាយការណ៍មកថា បានសម្រេចចិត្តលុបចោលគម្រោងអភិវឌ្ឍន៍ Pixel Tablet 3 ជំនាន់ថ្មីរបស់ខ្លួនដែលមានកូដខាងក្នុងឈ្មោះ Kiyomi។ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុន ហើយក្រុមដែលកំពុងធ្វើការលើគម្រោងនេះត្រូវបានគេចាត់តាំងឡើងវិញដោយប្តូរទៅធ្វើការលើគម្រោងផ្សេងជំនួសនៅក្នុងក្រុមហ៊ុន។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។
របាយការណ៍នេះ ត្រូវបានរាយការណ៍ដោយឧស្សាហកម្មជិតស្និតនឹង Google ប៉ុន្តែមិនត្រូវបានបង្ហាញអត្តសញ្ញាណនោះទេ។ យ៉ាងណាមិញ ជុំវិញដំណឹងអំពីការលុបចោលគម្រោងអភិវឌ្ឍន៍ Pixel Tablet 3 ឬ ថេប្លេត Pixel ជំនាន់ទី ៣នេះ ត្រូវបានគេពិភាក្សាថា Google អាចនឹងលុបចោលការផលិតទាំងស្រុងតែម្តង ពោលគឺ Pixel Tablet 2 ដែលគ្រោងប្រកាសក្នុងឆ្នាំ២០២៥ ខាងមុខអាចនឹងជាម៉ូដែលថ្លេប្លេតចុងក្រោយបង្អស់របស់ក្រុមហ៊ុននេះ។
គួរជម្រាបថា នេះមិនមែនជាលើកទី១ ទេដែល Google សម្រេចលុបចោលគម្រោងអភិវឌ្ឍន៍ថេប្លេតរបស់ខ្លួន ដោយកាលពីឆ្នាំ២០១៩ កន្លងទៅធ្លាប់លុបចោលម្តង និងបានចាប់ផ្តើមអភិវឌ្ឍន៍ឡើងវិញក្នុងឆ្នាំ២០២២ ហើយបានចេញផ្សាយថេប្លេត Pixel ជំនាន់ទី១ កាលពីឆ្នាំ២០២៣ កន្លងទៅ។ យ៉ាងណាគួបផ្សំនឹងបញ្ហា ក៏ដូចជាការសម្រេចចិត្តនានាត្រូវបានប្រភពជាច្រើនសន្មតថា Google ទំនងជាមើលឃើញគម្រោងផ្សេង ហើយគ្មានបំណងបន្តអភិវឌ្ឍន៍ថេប្លេតជំនាន់ថ្មីៗបន្ទាប់តទៀតនោះទេ៕