(បរទេស)៖ Neuralink ដែលជាក្រុមហ៊ុនផលិតឈីបសម្រាប់ដាំក្នុងខួរក្បាលមនុស្សរបស់កំពូលមហាសេដ្ឋីលោក Elon Musk បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានទទួលការយល់ព្រមជាលើកដំបូងពីនិយតករសុខភាពកាណាដា (Health Canada) ដើម្បីចាប់ផ្តើមការសាកល្បងព្យាបាលអ្នកជំងឺនៅក្នុងប្រទេសកាណាដា។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
Neuralink បានលើកឡើងថា ការសិក្សារបស់ប្រទេសកាណាដាមានគោលបំណងវាយតម្លៃសុវត្ថិភាព និងមុខងារដំបូងនៃការផ្សាំរបស់វា ដែលអាចអនុញ្ញាតឱ្យអ្នកជំងឺ quadriplegia ឬអ្នកជំងឺខ្វិននៃអវយវៈទាំងបួនអាចគ្រប់គ្រងឧបករណ៍ខាងក្រៅបានដោយគ្រាន់តែប្រើការគិតរបស់ពួកគេ។ ទន្ទឹមនឹងនេះ មន្ទីរពេទ្យបណ្តាញសុខភាពរបស់សាកលវិទ្យាល័យកាណាដា (UHN) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ទីតាំងសាកលវិទ្យាល័យ Toronto របស់ខ្លួននឹងត្រូវបានជ្រើសរើសដើម្បីអនុវត្តនីតិវិធីវះកាត់នេះ។
គួរជម្រាបថា Neuralink ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដោយលោក Elon Musk និងក្រុមវិស្វករមួយក្រុមទៀតក្នុងគោលបំណងផ្សាំឈីបចូលទៅក្នុងខួរក្បាលមនុស្សដើម្បីជួយអ្នកជំងឺដែលមានពិការភាពនូវលទ្ធភាពអាចធ្វើចលនា អាចទំនាក់ទំនង និងស្តារចក្ខុវិស័យឡើងវិញ។ គម្រោងផ្សំាបន្ទះឈីបនេះ ទទួលបានជោគជ័យចំនួនពីរលើករួចមកហើយនៅសហរដ្ឋអាមេរិក។ Neuralink គូសបញ្ជាក់ថា ឧបករណ៍នេះដំណើរការបានយ៉ាងល្អនៅក្នុងអ្នកជំងឺសាកល្បងទី២ ដែលប្រើសម្រាប់ការលេងហ្គេម និងរៀនពីរបៀបឌីហ្សាញ 3D៕