(ម៉ាឡាកា)៖ តារា Tennis ឆ្នើមលំដាប់លេខ១ ពិភពលោកបច្ចុប្បន្ន Jannik Sinner បានរួមចំណែកជួយក្រុមជម្រើសជាតិអ៉ីតាលី ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Davis Cup 2024 ដែលមានអេស្ប៉ញធ្វើម្ចាស់ផ្ទះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករដែលមានវ័យទើបតែ ២៣ឆ្នាំរូបនេះ បានជួយអាសូរីវាយបកយកជ័យជម្នះលើគូប្រជែងអាហ្សង់ទីន ដើម្បីឡើងទៅប៉ះអូស្រ្តាលីពីក្នុងវគ្គ ៤ក្រុមបន្ត គ្រាដែលក្រុមនៅអឺរ៉ុប ២ផ្សេងទៀត រួមមានអាល្លឺម៉ង់ និងហូឡង់ ត្រូវប៉ះគ្នាក្នុងវគ្គចាញ់-ធ្លាក់នេះដែរ។

ក្នុងប្រកួតនោះដែរ Sinner បានចាប់ដៃគូជាមួយ Matteo Berrettini វិញ្ញសាវាយគូបុរស ២-២ យកឈ្នះលើគូប្រជែង Andres Molteni និង Maximo Gonzalez ក្រោមលទ្ធផល ២-០ នៃលំដាប់ពិន្ទុ ៦-៤ និង ៧-៥ បន្ទាប់ពីវិញ្ញាសាវាយទោលចាញ់ នៅឯទីលានដែលស្ថិតក្នុងទីក្រុង Malaga។

តាមរយៈលទ្ធផលនេះដែរ បានធ្វើឱ្យអ៉ីតាលី ដែលជាក្រុមការពារតំណែងជើងឯក Davis Cup 2023 ត្រូវប្រឈមមុខជាមួយសត្រូវចាស់កាលពីឆ្នាំទៅ អូស្រ្តាលី បន្ទាប់ពីក្រុមនៅអាស៊ីមួយនេះបានយកឈ្នះសហរដ្ឋអាមេរិក ២-១ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ពីក្នុងវគ្គ ៨ក្រុម៕