(បរទេស)៖ មហាសេដ្ឋីអាមេរិក Elon Musk ដែលគេស្គាល់ថាជាម្ចាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បានរិះគន់ច្បាប់របស់ប្រទេសអូស្ត្រាលី ក្នុងការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម១៦ឆ្នាំ និងការផាកពិន័យរហូតដល់ ៣២លានដុល្លារ ប្រសិនបើមានបណ្តាញសង្គមណាមួយបំពានច្បាប់នេះ។ ការរិះគន់នេះរបស់ Elon Musk ធ្វើឡើងបន្ទាប់ពី រដ្ឋាភិបាលកអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍នេះបានដាក់បញ្ចូលច្បាប់ខាងលើនៅកាន់សភា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
ច្បាប់នេះ ប្រៀបបាននឹងការកំណត់អាយុសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមក្នុងប្រទេសអូស្រាលី ដែលត្រូវបានគេមើលឃើញថា ហាក់មានភាពតឹងរឹងជាច្បាប់នៅបណ្តាប្រទេសផ្សេងៗ។ Elon Musk ដែលចាត់ទុកខ្លួនឯងថា ជាជើងឯកនៃការបញ្ចេញមតិដោយសេរីនោះ បាននិយាយនៅក្នុងការឆ្លើយតបចំពោះការបង្ហោះរបស់នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Anthony Albanese នៅលើ X ថា «ហាក់ដូចជាវិធីខាងក្រោយ ដើម្បីគ្រប់គ្រងការចូលប្រើអ៊ីនធឺណិតរបស់ប្រជាជនអូស្ត្រាលីទាំងអស់»។ ប្រទេសជាច្រើនបានប្តេជ្ញារួចហើយថា នឹងទប់ស្កាត់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដោយកុមារតាមរយៈច្បាប់ ប៉ុន្តែគោលនយោបាយរបស់អូស្ត្រាលីអាចក្លាយជាផ្នែកមួយដ៏តឹងរ៉ឹងបំផុត ដោយគ្មានការលើកលែងឡើយ ទោះបីជាក្មេងៗទាំងនោះមានការយល់ព្រមពីមាតាបិតារបស់ពួកគេ ឲ្យប្រើប្រាស់បណ្តាញសង្គមក៏ដោយ និងរឹតបន្តឹងសូម្បីតែគណនីដែលបានបង្កើតស្រាប់។
គួរជម្រាបថា ទាក់ទងនឹងច្បាប់ខាងនេះ ប្រទេសបារាំងកាលពីឆ្នាំមុនក៏បានស្នើសុំឲ្យមានការហាមឃាត់លើប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់អ្នកប្រើប្រាស់អាយុក្រោម១៥ឆ្នាំផងដែរ ប៉ុន្តែអ្នកប្រើប្រាស់អាចជៀសវាងការហាមឃាត់នេះ ដោយមានការយល់ព្រមពីឪពុកម្តាយ។ ងាកមក សហរដ្ឋ អាមេរិក បានទាមទារឱ្យក្រុមហ៊ុនបច្ចេកវិទ្យា កំណត់គោលការណ៍នានា ដើម្បីឲ្យក្មេងៗមាន ការ យល់ព្រម ពី មាតាបិតា ក្នុងការចូល ប្រើប្រាស់ ទិន្នន័យ កុមារ អាយុ ក្រោម ១៣ឆ្នាំផងដែរ។ តែយ៉ាងណា បើតាមការប្រៀបធៀប គឺច្បាប់ក្នុងប្រទេសអូស្ត្រាលី ហាក់មានភាពរឹតរឹងជាងគេ៕