(ភ្នំពេញ)៖ វគ្គបណ្ដុះបណ្ដាលបច្ចេកទេសគ្រូជំនាញកីឡាកាយសម្ព័ន្ធកម្រិត១ របស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការសិក្សារយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តកំពង់ឆ្នាំង ពិសេសការកំណត់អត្តសញ្ញាណកីឡាវ័យក្មេង ដែលបានបញ្ជ្រាបចំណេះដឹងដល់សិក្ខាកាម ហើយបានយល់ច្បាស់ សម្រាប់ការអនុវត្តក្រោមបញ្ចប់ការសិក្សានេះ ។
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ និងជាគ្រូបង្វឹកក្រុមជម្រើសជាតិ បានបញ្ជាក់ថា វគ្គនេះរៀបចំឡើងស្របតាមផែនការប្រចាំឆ្នាំ ដែលគ្រប់សហព័ន្ធកីឡាជាតិ បានសន្យាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រឹង និងពង្រីកការអភិវឌ្ឍធនធានមនុស្ស ជាក់ស្ដែងឆ្នាំនេះ សហព័ន្ធបានផ្ដោតការបណ្ដុះបណ្ដាល ១-គ្រូគ្រូជំនាញកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកកម្រិត១, ២-ការអភិវឌ្ឍកីឡាកាយសម្ព័ន្ធថ្នាក់ជាតិ+ការបោះជុំរំហ្វឹកហាត់ និង ៣-ការកំណត់អត្តសញ្ញាណកីឡាទេពកោសល្យវ័យក្មេង ។
គ្រូឧទ្ទេសដដែលបន្ដថា ការកំណត់អត្តសញ្ញាណកីឡាទេពកោលស្យវ័យក្មេង គឺជាមេរៀនថ្មីមួយ ដែលត្រូវបានលើកយកមកបង្រៀន និងចែករំលែកចំណេះដឹងដល់សិក្ខាកាម ដែលជាគ្រូបង្វឹក ហើយបានសម្រេចនូវលទ្ធផលដ៏ជោគជ័យ បន្ទាប់ពីឆ្លងកាត់ការសិក្សារយៈពេល ៥ថ្ងៃ ទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់ ដោយមានការចូលរួមពីកីឡាករ-កីឡាការិនីវ័យក្មេង សម្រាប់គ្រូបង្វឹកទាំងអស់ យកធ្វើជាបទពិសោធន៍ក្នុងការផ្លាស់ប្ដូរបច្ចេកទេសគ្នាទៅវិញទៅមក រវាងមន្ដ្រីបច្ចេកទេសសហព័ន្ធជាមួយក្លិប ក៏ដូចជាក្លិប និងក្លិបផងដែរ ។
លោកបន្ដថា «ការកំណត់អត្តសញ្ញាណកីឡាទេពកោសល្យវ័យក្មេង គឺជាមេរៀនថ្មី សម្រាប់គ្រូបង្វឹក ក្នុងការក្រេបជញ្ជក់យកចំណេះដឹង ហើយត្រូវបានចាត់ទុកជាគុណតម្លៃ ក្នុងការជ្រើសរើសកីឡាករ-កីឡាការិនីវ័យក្មេងឲ្យត្រឹមជំនាញរបស់ខ្លួន ។ ជារួមឆ្លងកាត់ការសិក្សារយៈពេល ៥ថ្ងៃមកនេះ ខ្ញុំសង្កេតឃើញមានការរីកចម្រើនខ្លាំង សម្រាប់ផ្នែកគ្រូបង្វឹក ដោយសារគាត់ទទួលបានចំណេះដឹងថ្មី ដែលយើងទើបទទួលបានផែនការយុទ្ធសាស្ដ្រនេះ សម្រាប់អនុវត្តកំឡុងឆ្នាំ២០២៤-២០២៨» ។
គួរដឹងថា វគ្គបណ្ដុះបណ្ដាលបច្ចេកទេស ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវចន និងកីឡានេះ មានសិក្ខាកាម ២២នាក់ចូលរួម (ស្ដ្រី ៨នាក់) ខណៈជាលទ្ធផល មានសិក្ខាកាមទទួលបាននិទ្ទេសល្អ ១៣នាក់, ល្អបង្គួរ ៥នាក់ និងមធ្យម ៤នាក់ ។ ក្រោយបញ្ចប់វគ្គនេះ សហព័ន្ធសង្ឃឹមថា គ្រូបង្វឹកនឹងយកចំណេះដឹងទៅអនុវត្តប្រកបដោយប្រសិទ្ធភាព ពិសេសការកំណត់អត្តសញ្ញាណកីឡាទេពកោលស្យវ័យក្មេង សម្រាប់ត្រៀមឆ្ពោះធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ តែម្ដង ៕