(ភ្នំពេញ)៖ Grab ដែលជាកម្មវិធីទំនើបឈានមុខគេនៅអាស៊ីអាគ្នេយ៍ និងធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងការរួមបញ្ចូលសេវាទូទាត់ឌីជីថលរបស់ពួកគេ តាមរយៈការទូទាត់ប្រាក់ ABA PayWay។ តាមរយៈកិច្ចសហការនេះ អ្នកប្រើប្រាស់ Grab នឹងមានលទ្ធភាពប្រើប្រាស់វិធីទូទាត់ប្រាក់ ដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា PayWay ដែលអនុញ្ញាតឱ្យប្រតិបត្តិការ ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ និងកាន់តែមានភាពងាយស្រួល។
ភាពជាដៃគូនេះបានណែនាំមុខងារ Account-on-File (AoF) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Grab ភ្ជាប់គណនី ABA របស់ពួកគេដោយសុវត្ថិភាពនៅក្នុងកម្មវិធី Grab។ មុខងារនេះអនុញ្ញាតឱ្យមានការទូទាត់ ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធដោយស្វ័យប្រវត្តិ និងមានសុវត្ថិភាព។ ម៉្យាងទៀតអ្នកប្រើប្រាស់អាចទូទាត់ប្រាក់ យ៉ាងរលូនសម្រាប់ការប្រើប្រាស់សេវាកម្មធ្វើដំណើរ សេវាកម្មបញ្ញើរហ័ស និងសេវាកម្មដឹកជញ្ជូនអាហារជាដើម ដោយកិច្ចការនេះ គឺជួយធ្វើឱ្យដំណើរការទូទាត់ប្រាក់ កាន់តែងាយស្រួលសម្រាប់អតិថិជនរាប់លាននាក់ នៅទូទាំងប្រទេសកម្ពុជា។
បន្ថែមពីនេះទៀត Grab បានជ្រើសរើសយក ABA PayWay Plus ដែលដំណើរការដោយ CyberSource របស់ក្រុមហ៊ុន Visa ធ្វើជាមធ្យោបាយទូទាត់ប្រាក់ក្នុងស្រុកថ្មីរបស់ខ្លួន សម្រាប់ដំណើរការរាល់ការទូទាត់តាម ប័ណ្ណឥណទានទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ការផ្លាស់ប្តូរទៅប្រើប្រាស់មធ្យោបាយទូទាត់ប្រាក់ក្នុងស្រុកនេះ គឺដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការគ្រប់គ្រងប្រតិបត្តិការ និងបង្កើនភាពជឿជាក់របស់ Grab ខណៈដាក់បញ្ចូលនូវវិធីសាស្រ្តទូទាត់ប្រាក់ផ្សេងៗ រួមមានប័ណ្ណឥណទាន Visa, Mastercard និង UPI។
លោក កង សុវណ្ណារ៉ូត នាយកគ្រប់គ្រងក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា «តាមរយៈការចាប់ដៃគូជាមួយធនាគារ ABA យើងកំពុងបោះជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការផ្តល់ជូនអ្នកប្រើប្រាស់របស់យើង នូវបទពិសោធន៍ទូទាត់ប្រាក់ឌីជីថលប្រកបដោយសុវត្ថិភាព និងរលូន។ ភាពជាដៃគូនេះគឺជាសក្ខីភាពមួយ ចំពោះការប្តេជ្ញាចិត្តរបស់យើង ក្នុងការនាំមកនូវគុណតម្លៃកាន់តែច្រើន ដល់អ្នកប្រើប្រាស់របស់យើង»។
ធនាគារ ABA ដែលស្គាល់ជាធនគារនាំមុខក្នុងវិស័យធនាគារឌីជីថល បានបន្តនវានុវត្តដើម្បីបំពេញតម្រូវការ អតិថិជនរបស់ខ្លួន។ លោក Zokhir Rasulov នាយកសេវាធនាគារឌីជីថល មានប្រសាសន៍ថា «យើងខ្ញុំ មានសេចក្តីរីករាយដែលបានសហការជាមួយ Grab ដើម្បីនាំយកដំណោះស្រាយការទូទាត់បែបឌីជីថលដ៏រលូន សុវត្ថិភាព និងងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរ។ ភាពជាដៃគូនេះ គូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់យើងខ្ញុំ ក្នុងការពង្រឹងការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់ បង្កើនភាពងាយស្រួលដល់អតិថិជន និងលើកកម្ពស់ សេដ្ឋកិច្ចឌីជីថលក្នុងប្រទេស»។
លោកបានបន្ថែមថា «តាមការដាក់ដំណើរការមុខងារ Account-on-File របស់ ABA PayWay ទៅក្នុងអេប Grab យើងខ្ញុំកំពុងតែបង្កើនប្រតិបត្តិការប្រចាំថ្ងៃ ឲ្យកាន់តែរហ័ស និងងាយស្រួលដល់អ្នកប្រើប្រាស់ រាប់លាននាក់។ យើងខ្ញុំនឹងបន្តបង្កើតនវានុវត្តជាមួយ Grab ក្នុងថ្ងៃអនាគត ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងគាំទ្រដល់ដំណើរការផ្លាស់ប្តូរផ្នែកឌីជីថលរបស់ប្រទេសកម្ពុជា»។
ABA PayWay អនុញ្ញាតឲ្យអាជីវកម្មក្នុងប្រទេសកម្ពុជា ទទួលការទូទាត់តាមអនឡាញ ឬនៅក្នុងហាងផ្ទាល់ពីអេបធនាគារផ្សេងៗ និងកាតក្នុងស្រុក ឬកាតអន្តរជាតិ។ អតិថិជនអាចទូទាត់យ៉ាងងាយស្រួល ជាប្រាក់រៀល និងប្រាក់ដុល្លារតាមរយៈ ABAPAY, KHQR, Visa, Mastercard, UPI, JCB, Alipay និង WeChat។ ជាមួយ ABA PayWay ក្រុមហ៊ុនអាចតាមដានប្រតិបត្តិការតាមពេលវេលាជាក់ស្តែង និងទទួល អត្ថប្រយោជន៍ពីការរួមបញ្ចូល ដែលអនុលោមតាមស្តង់ដា PCI DSS យ៉ាងមានសុវត្ថិភាព។ សម្រាប់ព័ត៌មានបន្ថែមសូមទៅកាន់គេហទំព័រ www.payway.com.kh៕