(បរទេស)៖ របាយការណ៍ពី Counterpoint Research បានបង្ហាញថា ក្រុមហ៊ុនផលិត iPhone ខ្នាតយក្សរបស់អាមេរិក Apple នៅតែជាក្រុមហ៊ុនដែលលេចធ្លោជាងគេបំផុតនៅក្នុងទីផ្សារស្មាតហ្វូនសហរដ្ឋអាមេរិកក្នុងត្រីមាសទី៣ (ខែកក្កដា ដល់ខែកញ្ញា) ដោយបានកាន់កាន់ចំណែកទីផ្សាររហូតដល់ ៥៣ភាគរយឯណោះតែម្នាក់ឯង។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្រៅពី Apple ឈរនៅលេខរៀងកំពូលហើយនោះ លេខរៀងបន្ទាប់គឺជាក្រុមហ៊ុនកូរ៉េខាងត្បូង Samsung ជាអ្នកគ្រងតំណែងលេខ២ ជាមួយនឹងចំណែកទីផ្សារ ២៣ភាគរយ។ ដោយឡែកក្រុមហ៊ុន Lenovo ឈរនៅលេខរៀងទី៣ កាន់កាប់ចំណែកទីផ្សារ ១៤ភាគរយ, ក្រុមហ៊ុន HDM ឈរនៅលេខរៀងទី៤ កាន់កាប់ចំណែកទីផ្សារតិចត្រឹមតែ ១ភាគរយ និងក្រុមហ៊ុនស្មាតហ្វូនផ្សេងៗទៀតសរុបមានចំណែកទីផ្សារប្រហែល ៩ភាគរយ។
តាមរយៈតារាងទិន្នន័យរបស់ Counterpoint ឃើញថា ចំណែកទីផ្សាររបស់ក្រុមហ៊ុន Apple នៅក្នុងទីផ្សារស្មាតហ្វូនសហរដ្ឋអាមេរិកនៅតែមានស្ថិរភាពក្នុងរយៈពេល ៣ត្រីមាសចុងក្រោយនេះ បន្ទាប់ពីការកើនឡើងខ្ពស់បំផុតដល់ ៦៤ភាគរយក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៣។ ជាក់ស្តែងក្នុងត្រីមាសទី ១ និងទី២ នៃឆ្នាំ២០២៤ Apple បានកាន់កាប់ចំណែកទីផ្សារ ៥២ភាគរយដូចគ្នា ធ្លាក់ចុះបន្តិចបើធៀបនឹងឆ្នាំ២០២៣។
គួរជម្រាបថា ការកើនឡើងរបស់ Apple ក្នុងត្រីមាសទី៣ កន្លងទៅនេះត្រូវបានគេមើលឃើញថា បានមកពីតម្រូវការត្រកូល iPhone 15 រួមទាំង iPhone 16 ចេញថ្មីនឹងបានចូលរួមចំណែកទីផ្សារដល់ ៦ភាគរយក្នុងខែកញ្ញាតែមួយ។ ផ្ទុយទៅវិញ Samsung កំពុងប្រឈមនឹងការថយចុះនៃតម្រូវការ និងការចេញលក់ម៉ូដែល Galaxy Z Flip 6 និង Galaxy Fold 6 របស់ខ្លួនដែលលឿនខុសពីធម្មតា៕