(បរទេស)៖ កីឡាករទ្រីយ៉ាត្លុង Alistair Brownlee អតីតម្ចាស់មេដាយមាស Olympic Games ២សម័យកាល បានប្រកាសចូលនិវត្តន៍ហើយត្រឹមវ័យ ៣៦ឆ្នាំ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Brownlee បានឈ្នះមេដាយមាសអូឡាំពិកលើកដំបូង នៅទីក្រុង London ប្រទេសអង់គ្លេស មុនពេលការពារមេដាយមាសនេះបានសម្រេចទៀតនៅ ៤ឆ្នាំបន្ទាប់ ក្នុងទីក្រុង Rio ប្រទេសប្រេស៊ីល។

បន្ថែមលើនេះ Brownlee ក៏ជាអតីតជើងឯកពិភពលោក កីឡាទ្រីយ៉ាត្លុងកាលឆ្នាំ២០០៩ និងឆ្នាំ២០១១ និងជាកីឡាករទ្រីយ៉ាត្លុងតែម្នាក់គត់ក្នុងលោក ដែលឈ្នះគ្រប់កម្មវិធីទាំងកម្រិត Junior Champion, U23 World Champions និងជើងឯកអឺរ៉ុបទៀតផង។

Brownlee សញ្ជាតិអង់គ្លេសបានសរសេរសារលានៅលើបណ្តាញសង្គម X ថា «ទ្រីយ៉ាត្លុងជាផ្នែកមួយនៃជីវិតរបស់ខ្ញុំ ដោយបានប្រកបអាជីពនេះជិតពាក់កណ្តាលជីវិតមកហើយ។ វាជាការសម្រេចបាននូវក្តីសុបិនតាំងពីកុមារភាព និងគ្មានអ្វីលើសពីនេះទៀតទេ។ ខ្ញុំកំពុងទន្ទឹងរង់ចាំពេលវេលាដែលនៅសេសសល់ក្នុងជីវិតនេះ ដោយខ្ញុំគិតថា វាមិនយឺតពេកនោះទេ»

ទន្ទឹមគ្នានោះដែរ លោក Antonio Arimany ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងពិភពលោក ក៏បានគោរពដល់ការសម្រេចចិត្តរបស់ Brownlee និងបាននិយាយថា កេរដំណែលរបស់ Brownlee «នឹងបន្តរស់នៅក្នុងកីឡាទ្រីយ៉ាត្លុងនេះជាដរាប»