(បរទេស)៖ រដ្ឋាភិបាលឥណ្ឌូនេស៊ី ត្រូវបានរាយការណ៍មកថា មានបំណងឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បង្កើនការវិនិយោគលើសពី ១០០លានដុល្លារក្នុងប្រទេសរបស់ខ្លួន ខណៈថ្មីៗនេះ Apple ដាក់សំណើវិនិយោគ១០០លានដុល្លារ ជាការបញ្ចុះបញ្ចូលឱ្យលុបចោលការហាមឃាត់ការលក់ iPhone 16 ក្នុងប្រទេសនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នឹងមិនត្រូវបានអនុញ្ញាតឱ្យលក់ iPhone 16 នៅក្នុងប្រទេសឥណ្ឌូនេស៊ីនោះទេ ដោយសារតែមិនបានបំពេញតាមច្បាប់របស់ប្រទេស ស្តីពីការប្រើប្រាស់សមាសធាតុផលិតក្នុងស្រុក។ ប្រទេសឥណ្ឌូនេស៊ីតម្រូវឱ្យស្មាតហ្វូនមួយចំនួន ដែលលក់ក្នុងស្រុកមានយ៉ាងហោចណាស់ ៤០% នៃគ្រឿងបន្លាស់ដែលផលិតក្នុងស្រុក។ ក្រោយមានបម្រាមបែបនេះ នៅដើមខែនេះ Apple បានសន្យាថានឹងវិនិយោគប្រហែល១០លានដុល្លារ នៅក្នុងប្រទេសឥណ្ឌូនេស៊ីទៅរោងចក្រថ្មីមួយ ដើម្បីគេចផុតពីការហាមឃាត់ ហើយក្រោយមកក៏បានបង្កើនចំនួនទឹកប្រាក់វិនិយោគគុណនឹងដប់ដងនៃចំនួនមុន ពោលគឺដល់ ១០០លានដុល្លារដើម្បីប៉ះប៉ូវផ្លូវចិត្ត តែហាក់មិនទាន់ទទួលលទ្ធផលវិជ្ជមានឡើយ។ ត្បិតពេលនេះ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម លោក Febri Hendri Antoni Arif បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃព្រហស្បតិ៍ថា «តាមទស្សនៈរបស់រដ្ឋាភិបាល យើងចង់ឱ្យការវិនិយោគមានទំហំធំជាងនេះ»

លោកបាននិយាយថា ការវិនិយោគធំជាងនេះនឹងជួយដល់ការអភិវឌ្ឍន៍វិស័យផលិតកម្មរបស់ប្រទេសឥណ្ឌូនេស៊ី ដោយបន្ថែមថាឧស្សាហកម្មក្នុងស្រុករបស់ខ្លួនមានសមត្ថភាពគាំទ្រដល់ការផលិតឧបករណ៍របស់ Apple ដូចជាឆ្នាំងសាក និងគ្រឿងបន្លាស់ជាដើម៕